បឹងពារាំងជំរកត្រីមេពូជ ដ៏ធំក្នុងក្រុងសៀមរាប ប្រឈមនឹងការគោករាក់ ខណៈក្រុមអ្នកអភិរក្សកំពុងស្វះស្វែងរកការសង្គ្រោះ

0

ខេត្តសៀមរាប៖ ក្រុមអ្នកអភិរក្សបានបង្ហាញនូវការព្រួយបារម្ភ ខណៈដែលទឹកក្នុងផ្ទៃបឹងពារាំង ដែលជាជម្រកត្រីមេពូជដ៏ធំនៅក្នុងក្រុងសៀមរាប ចាប់ផ្តើមស្រកយ៉ាងខ្លាំង ដោយសារកត្តាអាកាសធាតុ។

ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិបឹងពារាំង លោក គង់ មង្គល បានឲ្យដឹងថា ដោយសារទទួលរបបទឹកភ្លៀងមិនទោងទាត់កាលពីរដូវវស្សានោះ មកដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១នេះ ទឹកក្នុងផ្ទៃបឹងទាំងមូលបានស្រកចុះគួរឲ្យព្រួយបារម្ភ ដោយកន្លែងខ្លះត្រូវគោករាក់ ហើយកន្លែងដែលទឹកជ្រៅបំផុតត្រឹម៤តឹកប៉ុននោះ។ លោកថា ប្រសិនបើមិនមានវិធានការទេ តំបន់អភិរក្សត្រីមេពូជបឹងពារាំង អាចនឹងត្រូវបាត់បង់ជាមិនខាន។

បើតាមលោក គង់ មង្គល ជាមួយនឹងការព្រួយបារម្ភនេះ ក្នុងនាមជាអ្នកអភិក្សនៅតំបន់នេះ លោកបានលើកជាផែនការសង្គ្រោះបន្ទាន់ ដាក់ជូនសមត្ថកិច្ចពាក់ព័ន្ធរួចហើយ ដោយវិធានការទី១ គឺបូមទឹកពីបឹងទន្លេសាប ដែលមានចម្ងាយប្រមាណជា២គីឡូម៉ែត្រ បញ្ជូលមកក្នុងបឹងពារាំង ដើម្បីសង្គ្រោះបន្ទាន់ដល់ត្រីមេពូជ។ វិធានការបន្ទាប់ គឺការស្តារផ្ទៃបឹងឲ្យបានជ្រៅ ដើម្បីធានានិរន្តរភាពតទៅមុខទៀត។
បើតាម លោក គង់ មង្គល វិធានការទាំងនោះ ត្រូវបានស្ថាប័នជំនាញគាំទ្ររួចហើយដែរ ។ ប៉ុន្តែអ្វីដែលមិនទាន់អាចអនុវត្តបាន គឺដោយសារបញ្ហាជំងឺឆ្លងកូវីដ១៩ បានរាំងស្ទះក្រុមការងារមិនទាន់អាចជួបប្រជុំគ្នាបាន។

បឹងពារាំង ស្ថិតនៅក្នុងសង្កាត់ជា្រវ ក្រុងសៀមរាប ជាបឹងរណបមួយជាប់នឹងបឹងទន្លេសាប។ ក្រៅពីមានជីវៈចម្រុះដ៏សម្បូរបែប សត្វត្រីនៅក្នុងបឹងដែលហ៊ុព័ទ្ធដោយព្រៃលិចទឹកមួយនេះ បានទាក់ទាញសត្វស្លាបប្រមាណជាង១៧០ ប្រភេទ ឲ្យមកជ្រកកោននៅលើព្រៃឈើ និងរកស៊ីចំណីនៅលើផ្ទៃទឹក។
បឹងនេះ បើគិតពីផ្ទៃទឹកមានទំហំ ២៧០ហិកតា និងជាង ៣០០០ហិកតា បើគេគិតទាំងផ្ទៃព្រៃលិចទឹក ហើយក្នុងនោះក៏មានកោះចំនួន១០កោះផងដែរ ដែលអាចឲ្យភ្ញៀវទេសចរណ៍ជិះទូកទៅសម្រាកកំសាន្ដយ៉ាងត្រជាក់ចិត្ដ។

លោក ប្រធានសហគមន៍ បានបន្តបញ្ជាក់ថា ក្រៅពីរក្សាបាន នូវពូជ្រត្រីដ៍ច្រើនដែលជាចំណីសត្វស្លាបទឹករាប់រយប្រភេទនោះ ទីតាំងបឹងពាំរាំងក៍មានសក្កដានុពលព្រៃលិចទឹក មានប្រភេទដើមរាំងភ្ទោលទឹក ដែលមានអាយុកាលរាប់រយឆ្នាំមានទំហំធំៗផ្តល់កន្លែងកម្សាន្តនិងសិក្សាស្រាវជ្រាវស្វែងយល់ពីអាយុកាលដើមរាំងដែលមាននៅទីនោះជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជិះកង់មកកម្សាន្ត ផ្សារជាប់ជាមួយនឹងបឹងទន្លេសាបដែលមានឆ្នេរដ៍ស្រសល្អស្អាត ៕