កិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យវិធានការសុខាភិបាលនិងត្រៀមលក្ខណៈចាក់វ៉ាក់សាំងម្ជុលទី២ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មានកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ និងជម្ងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ និងត្រៀមរៀបចំចាក់វ៉ាក់សាំងម្ជុលទី២ ដល់កងកម្លាំងគ្រប់ស្ថាប័ន កងឯកភាព ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ  និងមានអញ្ជើញចូលរួមពីលោកមេបញ្ជាការង នាយសេនាធិការ មេបញ្ជាការផ្នែកសឹករងស្រុកក្រុងទាំង៩ វរៈសេនាតូចទាំង២ តាមវីដេអូខហ្វឺរេន នៅព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០២១ ដើម្បីចាត់ចែងកម្លាំងប្រមូលម្តុំតាមអង្គភាព ទទួលផែនការពីថ្នាក់លើ។

ក្រោយពីប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ នៃការឆ្លងរីករាលដាលមេរោគកូវិដ១៩ រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល មានការព្រួយបារម្ភណ៍ចំពោះអាយុជីវិតរបស់ កងកម្លាំង មន្រ្តីរាជការ មន្រ្តីជួរមុខ និងបងប្អូនប្រជាពលរដ្ឋ បានប្រជុំឯកភាពពីថ្នាក់ដឹកនាំកំពូល រដ្ឋសភា ព្រឹទ្ទសភា និងស្ថាប័នច្បាប់ រួមទាំងសុខាភិបាល សម្រេចបង្កើតច្បាប់ថ្មី ដើម្បីការពារទប់ស្កាត់ការឆ្លងរីករាលដាល មេរោគកូវិដ១៩ និងបានប្រកាសឲ្យប្រើប្រាស់ជាបន្ទាន់ទាំង៣៥មាត្រា  ដែលមានការពិន័យ ទោសទណ្ទតាមកំរិតបទល្មើសនានា ដូចជាតម្រូវឲ្យពាក់ម៉ាស់ រក្សាគន្លាតសុវត្តិភាព ហាមចម្លងមេរោគទៅអ្នកដ៏ទៃ ធ្វើចត្តាឡឺស័ក ១៤ ថ្ងៃ ក្នុងករណីមានការសង្ស័យពាក់ព័ន្ឋកូវិដ១៩ជាដើម។

ដោយឡែក នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ក្រុមគ្រូពេទ្យនៃគិលានដ្ឋាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ថំ ​សហការជាមួយសុខាភិបាល បានយកចិត្តទុកដាក់ នាំយកបទពិសោធន៍ ដែលបាន អនុវត្តកន្លងមក បានរៀបចំទីតាំងមានតុសម្រាប់សម្ភាស តុសម្រាប់ទទួលចាក់វ៉ាក់សាំង ដើម្បីឲ្យមានសុវត្តិភាព និងងាយស្រួលជាងមុន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានស្នើសុំឲ្យកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំងអស់ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវិដ១៩  ត្រូវថែរក្សាសុខភាពអនាម័យឲ្យមានសុខភាពល្អ និងត្រៀមខ្លួនរួចជាស្រេចនៅតាមបណ្តាអង្គភាព ស្ថាប័នស្រុកក្រុងទូទាំងខេត្តកំពង់ធំ ដើម្បីចាក់វ៉ាកសាំងម្ជុលលើកទី២ នៅពេលខាងមុខដ៏ឆាប់នេះ ។

ដោយ ប៊ុន រដ្ឋា