លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យមន្ត្រីតាមមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត ចូលរួមចុះផ្សព្វផ្សាយច្បាប់កូវីដ-១៩ និងអនុក្រិត្យលេខ៣៧ អនក្រ•បក របស់រាជរដ្ឋាភិបាល ឲ្បបានដល់ពលរដ្ឋ ( មានវីដេអូ)

0

ភ្នំពេញ៖ នៅសប្តាហ៍មុន បន្ទាប់ពីច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងអនុក្រិត្យលេខ៣៧ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់កាឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវបានប្រកាសឲ្យ

 

អនុវត្តន៍ជាបន្ទាន់រួចមក លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានជំរុញឲ្យថ្នាក់ដឹកនាំក្រសួង និងមន្ត្រីតាមមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត ចូលរួមចុះផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ នេះបើតាមឲ្យដឹងពីឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយេដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បានបន្តថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងរាល់កិថ្ចការសម្របសម្រួល ធ្វើទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងធ្វើការងារអធិការកិច្ចលើគ្រប់វិស័យ ក្នុងនោះការផ្សព្វផ្សាយច្បាប់គឺជាផ្នែកមួយនៃការងារស្នូលដែលត្រូវអនុវត្តន៍ ។

អ្នកនាំពាក្យរូបនេះបន្តថា បើទោះជាបច្ចុប្បន្នបញ្ហាជំងឺរាត្បាតកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់សុខមាលភាពរបស់ប្រជាជន ការប៉ះពាល់លើវិស័យសេដ្ឋកិច្ច និងមានកិច្ចការមួយចំនួនត្រូវបានកាត់បន្ថយក៏ពិតមែន តែលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ធ្វើការតាមជំនាញដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល មិនត្រូវទុកឲ្យរាំងស្ទះនូវកិច្ចការអាទិភាពមួយចំនួនដែលទាក់ទងសំណូមពរ ឬតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល និងប្រជាជននោះឡើយ ។ ជាក់ស្តែងនាពេលនេះ ការផ្សព្វផ្សាយច្បាប់ និងអនុក្រិត្យ ដែលត្រូវបានដាក់ឲ្យប្រើប្រាស់បន្ទាន់នាពេលនេះ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន ក្នុងការចូលរួមឲ្យអស់លទ្ធភាព និងគ្រប់រូបភាព ដែលអាចធ្វើទៅបាន ដើម្បីផ្សព្វផ្សាយឲ្យបានទាន់ពេលវេលា នឹងបាដល់ប្រជាជនគ្រប់មូលដ្ឋាន ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តល់នូវអនុសាសន៍មួយចំនួន ទៅលើមធ្យោបាយនៃការផ្សព្វផ្សាយ ក្នុងកាលៈទេសៈកូវីដ-១៩ ដោយត្រូវចែករំលែកព័ត៌មានទាំងនេះតាមរយៈបណ្តាញសង្គម ឬក្នុងពេលចុះបំពេញការងារជាមួយរដ្ឋបាលខេត្ត-រាជធានី ខណៈទទួលពលករធ្វើចត្តាឡីស័ក្ត ដែលទើបត្រឡប់មកពីក្រៅប្រទេស ឬតំបន់ផ្សេងៗចូលមកដល់ភូមិកំណើត ក្នុងពេលចូលឆ្នាំថ្មីប្រពៃណីយខ្មែរ ។

សូមបញ្ជាក់ថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានអគ្គនាយកដ្ឋានមួយ ក្នុងចំណោមអគ្គនាយកដ្ឋានទាំងបីរបស់ក្រសួង គឺអគ្គនាយដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដែលធ្វើការងារជំនាញច្បាប់ ផ្សព្វផ្សាយច្បាប់ និងចូលរួមធ្វើសេចក្តីព្រាង តាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាមួយរាជេដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងអង្គភាពរដ្ឋនានាផងដែរ ៕