សមត្ថកិច្ចបានឃាត់រថយន្តក្រុង ៤៥កៅអី ១គ្រឿង ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ (3C 6161) ក្រុងហ៊ុនទេពសុខានៅក្នុងរថយន្តមានផ្ទុកឈើកែច្នៃខុសច្បាប់

0

សៀមរាប៖ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានដឹកនាំសហការណ៍ជាមួយអធិការស្រុកជីក្រែងខេត្តសៀមរាប បានឃាត់រថយន្តក្រុង ៤៥កៅអី ពណ៌លឿងពាក់ស្លាកលេខភ្នំពេញ (3C6161) ស្ថិតនៅត្រង់ចំណុចភូមិថ្នល់ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ជារបស់ក្រុមហ៊ុនទេពសុខា បានដឹកចេញពីច្រកអូរស្មាច់ឆ្លងកាត់ខេត្តសៀមរាបឆ្ពោះទៅភ្នំពេញ ដោយក្នុងរថយន្តនោះ មានផ្ទុកឈើកែច្នៃដូចជា៖ គ្រឿងទ្វា ៣០ គ្រឿងដែលជាឈើគគីរ កូនក្រឡឹង ៧០ ដុំសុក្រម ស្នួរ ១០ ដើម ។ វត្ថុតាងទាំងនេះ គឺត្រូវបានប្រគល់ទៅឲ្យផ្នែករដ្ឋាបាលព្រៃឈើស្រុកជីក្រែង ដើម្បីអនុវត្តទៅតាមនិតិវិធីច្បាប់ជាធរមាន នៅវេលាម៉ោង៥;០០នាទីល្ងាច។ រថយន្តក្រុងមួយគ្រឿងដែលបានបិទស្លាក «ខ្លាំងជាងយូរជាង» ដែលដឹកឈើដោយខុសច្បាប់ ត្រូវបានប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបង្ក្រាប។

លោក ឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនោះ គឺយើងបានធ្វើការឃាត់រថយន្តក្រុងប្រភេទ ៤៥កៅអី យកមកធ្វើការត្រួតពិនិត្យឃើញថា នៅក្នុងរថយន្តនោះ មានផ្ទុកឈើកែច្នៃខុសច្បាប់ទើបសមត្ថកិច្ចធ្វើការហាមឃាត់។ សមត្ថកិច្ចបន្តថា រថយន្តនេះបានដឹកឈើជាប្រភេទគ្រឿងសិប្បកម្មពាក់កណ្តាលសម្រេច ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវឡើយ។ រថយន្តដឹកឈើនោះមានស្លាកលេខ ភ្នំពេញ (3C. 6161) បើកបររថយន្តក្រុងមានឈ្មោះ យិន ស៊ីដែន រស់នៅស្រុកមុខកំពូល ខេត្តកណ្តាល។ បន្ទាប់ពីត្រួតពិនិត្យរួចកម្លាំងនគរបាលជំនាញបានប្រគល់ទាំងវត្ថុតាង និងអ្នកបើកបរឲ្យកម្លាំងរដ្ឋបាលព្រៃឈើស្រុកជីក្រែង ចាត់ការបន្តទៅតាមផ្លូវច្បាប់។

ចំពោះបញ្ហាករណីនេះ លោក ហុង ដា នាយរដ្ឋបាលព្រៃឈើជីក្រែង បានឲ្យដឹងថា ពាក់ព័ន្ធវត្ថុតាងនិងម្ចាស់រថយន្តដែលសមត្ថកិច្ចបានប្រគល់មកឲ្យខាងផ្នែករដ្ឋបាលព្រៃឈើនោះ គឺខាងផ្នែករដ្ឋបាលព្រៃឈើរបស់យើង បានធ្វើកំណត់ហេតុ និងរបាយការណ៏ដាក់ជុនទៅនាយរដ្ឋបាលខ័ណ្ឌរួចរាល់អស់ហើយ ឥឡូវយើងរងចាំតែថ្នាក់លើបញ្ជាតែប៉ុណ្ណោះ។ ករណីនេះវត្ថុតាងត្រូវបានរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកជីក្រែងនៅឡើយ ដើម្បីរងចាំការអនុវត្តទៅតាមផ្លូវច្បាប់។ ដោយឡែករបាយការណ៍លម្អិតខាងលើនោះ លោក ម៉ុង ប៊ុន លីម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប មិនទាន់បានឆ្លើយតបនៅឡើយទេ ដោយសារហៅទូរស័ព្ទទៅចូលជាច្រើនដង៕