លោក គួចចំរើន បញ្ជារឲ្យឃុំខ្លូនសន្តិសុខផ្សារលើម្នាក់ដែលមានចេតនាបំផ្លាញពងទា របស់អាជីវករព្រោះតែរឿងទារលុយថ្លៃភាស៊ី៣ម៉ឺនរៀលមិនបាន

0

ខេត្តព្រះសីហនុ៖ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ នា រសៀល ថ្ងៃទី២១ លោកបានបញ្ជារឲ្យឃុំខ្លូនសន្តិសុខផ្សារលើម្នាក់ដែលមានចេតនាបំផ្លាញពងទារបស់អាជីវករ ព្រោះតែរឿងទារលុយថ្លៃភាស៊ីចំនួន៣ម៉ឺនរៀលលើសសៀវភៅបន្ទុកមិនបានសម្រេច។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបាន បើកកិច្ចប្រជុំបន្ទាន់ទាក់ទងទៅ នឹងករណីសន្តិសុខ មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុ បានទារថ្លៃភាស៊ី លើស សៀវភៅបន្ទុក និងបំផ្លាញទំនិញរបស់អាជីវករ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២០ ខែមីនាឆ្នាំ២០២១ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោកអភិបាលខេត្តបានបោះបន្តជូនទៅលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ដើម្បីចុះធ្វើការស្រាវជ្រាវលើករណីនេះបន្ទាន់។ ក្រោយមកក៏ទទួលបានព័ត៌មាន ពីអ្នកគ្រប់គ្រងផ្សារថា ភាគីទាំងពីរបានស្រុះស្រួលគ្នាដោយមិនមានការប្តឹងផ្តល់អ្វីឡើយដូច្នេះលោកក៏បានណែនាំឱ្យមានការថតវិដេអូខ្លីបង្ហាញពីហេតុផល និងបញ្ហាដែលបានកើតឡើង តាមរយៈវិដេអូខ្លីដែលភាគីទាំងពីរ(សន្តិសុខនិងអាជីវករ)បាន ធ្វើការបកស្រាយ បង្ហាញថាហេតុផល នៃបញ្ហាដែលបានកើតឡើងផ្តើមចេញពីទំនាស់ និងមានចេតនា បំផ្លាញ ទំនិញរបស់អាជីវករមិនមែនជាការថយប៉ះធ្វើឱ្យខូចខាតនោះទេ។ទើបលោកអភិបាលខេត្តបញ្ជាឱ្យឃុំខ្លួនសន្តិសុខរូបនោះដោយមិនអនុញ្ញាតឱ្យដោះលែងឡើយគឺត្រូវតែធ្វើការឱ្យបានហ្មត់ចត់បើទោះបីជាមានសំណងថ្លៃពងទាដែលរងការខូចខាតក៏ដោយ តែបុគ្គលរូបនោះត្រូវទទួលខុសត្រូវនូវទង្វើដែលខ្លួនបានប្រព្រឹត្ត ហើយត្រូវមាន ការ ដោះស្រាយជាសាធារណៈជាការពិតថាករណីនេះកើតឡើងរវាងបុគ្គលពីរនាក់តែវាបានបង្កផលប៉ះពាល់ដល់ការគ្រប់គ្រងរបស់អាជ្ញាធរសាធារណៈដូច្នេះឯកឧត្តមអភិបាលខេត្តត្រូវពិចារណានិងចាត់ការករណីនេះឱ្យបានហ្មត់ចត់បំផុតដែលមិនអាចឱ្យកើតឡើងនូវអំពើដែលអសីលធម៌បែបនេះបានទេ។ហើយក្នុងនោះផងដែរលោកអភិបាលខេត្ត យល់ស្របជាមួយការស្រុះស្រួលគ្នារបស់គូរភាគី ដូច្នេះគឺមិនប្រកាន់ទោសនោះទេ ដោយសារបងប្អូន បាន ធ្វើការកែប្រែឥរិយាបទភ្លាមៗ ទទួលស្គាល់កំហុស និងចេញសងការខូចខាតដែលបានបង្កឡើង ប៉ុន្តែលោក អភិបាលខេត្ត បានសម្រេចដាក់ពិន័យដោយបានណែនាំដល់ប្រធានមជ្ឈមណ្ឌលពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវបន្តការប្រើប្រាស់បុគ្គលរូបនេះបន្តទៀតទេ គឺត្រូវបញ្ចប់ការងារ ពីភ្នាក់ងារទារភាស៊ី ឬសន្តិសុខ ចាប់ពី ពេលនេះតទៅ។
ជាមួយគ្នានេះដែរដើម្បីជាការប៉ះប៉ូវជំងឺចិត្តដល់អាជីវករដែលរងគ្រោះលោកអភិបាលខេត្តបានសម្រេចឱ្យប្រធានគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងព្រះសីហនុលើកលែងការយកប្រាក់ភាស៊ីលើអាជីវកម្មរបស់គាត់ពេលមួយឆ្នាំពេញ ហើយជាចុងក្រោយឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង/ស្រុក និងអ្នកគ្រប់ គ្រងផ្សារត្រូវអនុវត្តតាមសារាចរលេខ១១សរចុះថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៦របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ជាប្រចាំដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកែលម្អសេវាសាធារណៈជូនប្រជាពលរដ្ឋដោយលុបការបង់ភាស៊ីនិងការបង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែងកញ្ជើល្អីនិងត្រូវលើកស្លាកតារាងតម្លៃការបង់ថ្លៃភាស៊ីនៅតាមទីផ្សារទូទាំងខេត្តព្រះសីហនុ។គួរបញ្ជាក់ងដែរថា ករណីខាងលើនេះ បានកើតឡើង នៅព្រឹកថ្ងៃទី២០ ខែ មិនា ឆ្នាំ ២០២១ ដោយដើមហេតុ ឈានទៅដល់ការវាយបំផ្លាញពងទារប្អូនស្រីជាអាជីវករក្នុងផ្សារលើពីសំណាក់សន្តិសុខនោះ គឺផ្តើមចេញពីលុយចំនួន៣ម៉ឺនរៀល ដែលជាលុយថ្លៃភាស៊ី ប៉ុន្តែរត្រូវបាន ប្អូនស្រីជាអ្នកលក់ពងទាមិនព្រមឲ្យ ព្រោះយល់ថាការទាថ្លៃភាស៊ីចំនួន៣ម៉ឺនរៀលបែបនេះ វាលើសពីរសៀវភៅបន្ទុក ។ចំណែកឯសន្តិសុខ ដែលមក ទាថ្លៃភាស៊ីក្រោយពីទាភាស៊ីចំនួន៣ម៉ឺនពីអ្នកលក់ពងទាមិនបានសម្រេច ក៏កើតចិត្ត ខឹងក្តៅក្រហារព្រមទាំងបាន បំផ្លាញពងទាចំនួន៥០០គ្រប់បែកស្ទើរអស់ក្នុងពេលនោះតែម្តង៕