បញ្ហាជំងឺកូវីដ.១៩ កំពុងតែរីករាលដាលនៅក្នុងខេត្តសៀមរាប គួរឱ្យព្រួយបារម្ភ

0

សៀមរាប÷ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ និង លោកជំទាវ អ៊ុន វ៉ុនលី ព្រមទាំងបុត្រា បុត្រី ចៅ ៗ បានវេរទេយ្យទានជាច្រើនប្រគេនដល់ព្រះភិក្ខុ សង្ឃទូទាំងក្រុងសៀមរាបចំនួន ៤៦វត្ត ដោយមើលឃើញពីភាពលំបាករបស់ព្រះសង្ឃក្នុងរដូវកាលរីករាលដាលនៃជំងឺឆ្លងកូវីដ.១៩នេះ បានធ្វើឱ្យព្រះសង្ឃជាច្រើនវត្តកំពុងខ្វះខាតចង្ហាន់ ដោយសារប្រជាពលរដ្ឋពុទ្ធបរិស័ទ សម្ងំនៅផ្ទះធ្វើចត្តាឡីស័ក ពុំបានធ្វើបុណ្យធ្វើទាន និងយកចង្ហាន់ទៅវត្តដូចសព្វដងឡើយ។ ដោយមានវត្តមានឯកឧត្តម ទៀ សីហា ឣភិបាលខេត្តសៀមរាប និងមន្តីរាជការជុំវិញខេត្តជាច្រើននាក់បានឣញ្ជើញចូលរួមផងដែរ។

ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ពិធីប្រគេនទេយ្យទាននេះ កើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប បានអនុញ្ញាតិឱ្យឯកឧត្តម សហការជាមួយក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត ដើម្បីរៀបចំទេយ្យទានប្រគេនព្រះសង្ឃក្នុងក្រុងសៀមរាប ដោយហេតុថា ប្រជាពលរដ្ឋក្រុងសៀមរាប ភាគច្រើនត្រូវធ្វើចត្តាឡីស័ក តាមផ្ទះ ដើម្បីការពារជំងឺកូវីដ ១៩ ហើយមិនបានចេញក្រៅ មិនបានយកចង្ហាន់ទៅវត្ត ដែលធ្វើឱ្យវត្តអារាមទាំងឡាយខ្វះខាតចង្ហាន់ ភេសជ្ជៈ និងបច្ច័យ ៤ផងដែរ។ នេះជាសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បើទោះជាមិនបានច្រើន ប៉ុន្តែក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជគុណគ្រប់ព្រះអង្គបានមួយរយៈផងដែរ។ ឯកឧត្តម សៀង ណាំ បានទូលប្រគេន និងអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ មេត្តាជួយក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទយើង ឱ្យពង្រឹងការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ជាពិសេស គោលការណ៍ ៣.កុំ ៣.ការពារ ខាងលើឱ្យបានម៉ឺងម៉ាត់បំផុត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានសម្តែងក្តីបារម្ភពីបញ្ហានៃការរីករាលដាលជំងឺកូវីដ-១៩ចូលក្នុងសហគមន៍កាន់តែច្រើនឡើងៗ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ននិងបង្ការទប់ស្កាត់ទាំងអស់គ្នា។ ឥឡូវនេះ ខេត្តសៀមរាបមានការរីករាលដាលជាបន្តបន្ទាប់ដែលស្ថិតក្នុងចំណោម រាជធានី-ខេត្ត ដែលក្រសួងសុខាភិបាលបានចាត់ទុកជាទីតាំងមានហានិភ័យ និងមានការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវអនុវត្តវិធានការ ៣កុំ គឺកុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូលនិងម៉ាស៊ីនត្រជាក់ច្រើន កុំទៅកន្លែងមានមនុស្សច្រើន និងកុំប៉ះពាល់គ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម និងវិធានការ ៣ ការពារ គឺពាក់ម៉ាស់ លាងដៃ និងគម្លាតសង្គម គម្លាតបុគ្គល ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ។
ឯកឧត្តម បញ្ជាក់ថា ការការពារខ្លួនឯង ស្មើរនឹងការពារក្រុមគ្រួសាររបស់លោកអ្នក ។ សូមឲ្យបងប្អូនប្រជាពលរដ្ឋបន្តការពារ កុំឲ្យជំងឺនេះប៉ះដល់ក្រុមគ្រួសាររបស់លោកអ្នកឲ្យសោះ និងសូមចូលរួមផ្សព្វផ្សាយពីច្បាប់ស្តីពីការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងអនុក្រឹត្យស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទាំងអស់គ្នា ។សូមបួងសួង សុំសេចក្តីសុខជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យជៀសចាកឆ្ងាយពីជំងឺទាំងពួង ជាពិសេសជំងឺកូវីដ-១៩ ។

ទេយ្យទានដែលបានប្រគេនព្រះសង្ឃទាំងអស់រួមមាន អង្ករ២៤តោន មី២៣០កេស ទឹកត្រី២៣០យួរ ទឹកស៊ីអ៊ីវ២៣០យួរ ត្រីខកំប៉ុង៤៦កេស អំបិល៤៦ការ៉ុង ប៊ីចេង៩២គក ទឹកដោះគោ៤៦កេស ស្កស៤៦ការ៉ុង ទឹកបរិសុទ្ធ៩២កេស និង បច្ច័យបួន៤៦លាន រៀល។ ទេយ្យទានទាំងនេះ បើសរុបជាថវិកាអស់ចំនួន ៣ ម៉ឺន ២ ពាន់ ដុល្លារអាមេរិក។