អភិបាលខេត្តកំពង់ចាម បញ្ហាឲ្យបិទទីតាំងចំនួន៤ កន្លែង បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥ នាក់

0

ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ដែលកិច្ចប្រជុំខាងលើ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវី-១៩ ខេត្តកំពង់ចាម រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន។

នៅក្នុងឳកាសនោះ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ថ្លែងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី នាពេលថ្មីៗនេះ អាជ្ញាធរខេត្ត សម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំងចំនួន៤ កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងខេត្តកំពង់ចាមរួមមាន÷

១- គ្លីនិក ម៉ី មុនីបូរិន្ទ
២- គ្លីនិក យិន ស៊ីណាត
៣- តូបចំនួន៦ ក្នុងផ្សារធំ ក្រុងកំពង់ចាម
៤- មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់

បើតាមលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា÷ អ្នកដែលមានផ្ទុកវិជ្ជមានកូវីដ-១៩ទាំង៥ នាក់រួមមាន÷

១- ឈ្មោះ ជួប សារ៉េត ភេទស្រី អាយុ ៤៥ ឆ្នាំ នៅភូមិ សង្កេត ឃុំ សំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចូលចត្តាឡីស័ក ថ្ងៃទី ២៥ (ឆ្លងពីកូននៅភ្នំពេញ)។
២- វណ្ណា ហ្សារីន (កូនរបស់ វ៉ាន់ណា ក្រូ) ភេទស្រី អាយុ ១៨ខែ។
៣- វណ្ណា ឡូស៉ិច (កូនរបស់វ៉ាន់ណា ក្រូ) ភេទប្រុស អាយុ ៨ឆ្នាំ។
៤-ឈ្មោះ លាង សុធារី (ប្រពន្ធ វ៉ាន់ណា ក្រូ) ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិអូឬស្សី ឃុំអូឬស្សី ក្រសួង ក្រចេះ។
៥- ឈ្មោះ លាង ញ៉ (ឪពុកក្មេក វ៉ាន់ណា ក្រូ) ភេទប្រុស អាយុ ៧៥ឆ្នាំ នៅភូមិទីមួយ ឃុំវាលវង់ ក្រុងកំពង់ចាម។

លោកវេជ្ជបណ្ឌិតបន្តថា ចំពោះអ្នកវិជ្ជមានកូវីដ-១៩ ទាំង៥ខាងលើត្រូវបានក្រុមគ្រូពេទ្យចាត់បញ្ជូនពីមណ្ឌលចត្តាឡីស័កទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

សូមបញ្ជាក់ជូនថា លោក វ៉ាន់ណា ក្រូ ជាមន្រ្តីនរគបាលនៅខេត្តត្បូងឃ្មុំ បានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាមហើយបានបន្តចម្លងជំងឺនេះដល់ឪពុកក្មេក ប្រពន្ធ និងកូនពីរនាក់បន្ថែមទៀត។

ក្នុងនាមរដ្ឋបាលខេត្ត និងគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ខ្ពស់អំពីវិធានការនៃការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយទៅដល់មូលដ្ឋាន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង ៣កុំ រួមនឹងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ សំដៅធ្វើយ៉ាងណាកុំឲ្យជំងឺដ៏កាចសហាវមួយនេះកាន់តែរីករាលដាលខ្លាំងឡើងនេះ៕