ជំនាញថា តេស្តឈាម វិជ្ជមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិចលើសត្វជ្រូករស់ដែលទើបចាប់បាននៅខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ មន្ត្រីជំនាញបសុព្យាបាលថា សត្វជ្រូករស់ដែលទើបចាប់បាន១លើកទៀតនៅខេត្តបន្ទាយមានជ័យ ក្រោយពេលធ្វើតេស្តឈាមលទ្ធផលគឺ វិជ្ជមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច(ASF) ។ នេះបើយោងលទ្ធផលមន្ទីរពិសោធន៍វីរុសសាស្ត្រនៃវិទ្យាល័យជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពពសត្វនៃក្រសួងកសិកម្មចេញ ចេញនាថ្ងៃទី១ខែមេសាឆ្នាំ២០២១ លើសំណាកឈាមជ្រូករស់ចំនួន៣៨ក្បាល ដែលសមត្ថកិច្ចចាប់នៅព្រំដែនកម្ពុជា ថៃនាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២១ ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានអោយដឹងកាលពីថ្ងៃទី១ខែមេសាឆ្នាំ២០២១ថា៖ កាលពីថ្ងៃទី ៣០ខែ មីនា ឆ្នាំ២០២១ ក្រុមអន្តរគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ ផលិតកម្មសត្វការិយាល័យនេះសហការនឹងកម្លាំងពាក់ព័ន្ធបានធ្វើការឃាត់ចាប់រថយន្ត ០២គ្រឿង ។
រថយន្តទី១ ម៉ាកនីសសាន់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0388 ដែលផ្ទុកជ្រូករស់ចំនួន២០ក្បាល(ជ្រូកជំទើ ត្រៀមយកមកខ្វៃលក់ក្នុងអំឡុងឆេងម៉េង) និងរថយន្តទី២ គ្មានស្លាកលេខពណ៌ខ្មៅ ម៉ាកកាម៉ារី គ្មានស្លាកលេខ ផ្ទុកជ្រូករស់ចំនួន ១៨ក្បាល(ជ្រូកជំទើ ) នៅចំណុចខាងកើតសាលាស្រុកអូរជ្រៅ ក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ដែលសត្វជ្រូកបាននាំចូលពីប្រទេសថៃតាមច្រករបៀងនៃព្រំដែនកម្ពុជា ថៃក្នុងស្រុកអូរជ្រៅ ។
ការនាំចូលសត្វជ្រូកនេះដោយមិនមានលិខិតអនុញ្ញាត មិនមានលិខិតបញ្ជាក់សុខភាពសត្វឡើយ ។
ក្នុងនោះសមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងល្មើសខាងលើមកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត អនុវត្តនូវនីតិវិធីច្បាប់និងធ្វើចត្តាឡីស័ក ។និងបានបូមឈាមផ្ញើទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពពសត្វដើម្បីចាត់ការជាបន្តទៀត ។
ជាលទ្ធផលលើសំណាកឈាមជ្រូកដែលធ្វើពិសោធន៍បានបញ្ជាក់ថា វត្ថុវិភាគមានគុណភាពល្អ តែវាវិជ្ជមានជម្ងឺជ្រូកអាហ្វ្រឹច(ASF) ។
លោកហ៊ុយ ទូច បានបន្តថា ៖ ករណីនេះ បើយោងការណែនាំរបសលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ,លោកប៉ាង វណ្ណាសេ្ឋ ប្រធានកសិកម្មខេត្ត និងចំណាររបស់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានអនុញ្ញាតអោយជំនាញដុតបំផ្លាញចោលតាមនិតិវិធិនិងបច្ចេកទេសព្រោះជាប្រភេទជ្រូកមានជម្ងឺ ប៉ះពាល់ដល់សុខភាព ។
ហេតុនេះ បានជាមន្ត្រីជំនាញបានអោយដៃគូពីសត្តឃាតដ្ឋាននិងមន្ត្រីជំនាញនាំទៅបំផ្លាញចោលហើយកាលពីម៉ោង៣រសៀលថ្ងៃទី១ខែមេសាឆ្នាំ២០២១ ។
ចំណែកម្ចាស់សត្វជ្រូកទាំង២ មធ្យោបាយត្រូវធ្វើកិច្ចសន្យា មិនអោយមានការប្រព្រឹត្តល្មើសជាលើកទី២ទៀត ។ ពុំនោះទេនឹងរងផាកពិន័យជាប្រាក់បន្ថែម ហើយកសាងសំណុំរឿងទៅផ្តន្ទាទោសផងដែរ ។
សូមរំលឹកដែរថា កាលថ្ងៃុទី២៧ខែមីនាឆ្នាំ២០២១ ក្រុមអន្តរគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ ផលិតកម្មសត្វការិយាល័យ និងអគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វ សហការនឹងកម្លាំងពាក់ព័ន្ធបានស្ទាក់បង្ក្រាបការដឹកជញ្ជូនសត្វជ្រូករស់ពីព្រំដែនកម្ពុជា ថៃចំនួន២ករណី ។
ករណីទី១ ឃាត់រថយន្ត២គ្រឿងម៉ាក ភីកអាប់ ពណ៌ទឹកប៉ិច ពាក់ស្លាកលេខ ច-១៤៧៣ ភ្នំពេញ២ និងរថយន្ត១គ្រឿងទៀត ម៉ាកសាំងយ៉ុង ពណ៌លឿង មានស្លាកលេខភ្នំពេញ2AF 8339 ១៥កៅអី ។ មធ្យោបាយទាំង២ បានលួចដឹកសត្វជ្រូករស់ចំនួន៧៤ក្បាល ។ប៉ុន្តែ ក្រោយធ្វើចត្តាឡីស័កនិងយកសំណាកឈាមទៅធ្វើពិសោធ លទ្ធផលអវិជ្ជមានជម្ងឺប៉េស្តជ្រូកអាហ្វ្រិច ហើយជំនាញក៏បានធ្វើការផាកពិន័យ ធ្វើកិច្ចសន្យា ហើយអោយម្ចាស់យកសត្វជ្រូកចេញទៅវិញ ៕ដោយ៖ឃិន គន្ធា