អាជ្ញាធរខេត្តឧត្តរមានជ័យ ចុះពិនិត្យការបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណក្នុងផ្សារសំរោងខេត្តឧត្ដរមានជ័យ

0

ខេត្តឧត្តរមានជ័យ នារសៀលម៉ោង៤ និង៣០ នាទី ថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ អញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ នៅក្នុងបរិវេណផ្សារសំរោង នៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ ដោយមានការអញ្ញើញចូលរួមពីសំណាក់ ឯកឧត្ដម លោក លោកស្រីមន្ទីរ-អង្គភាព នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ លោកអភិបាលក្រុង ក្រុមយុវជន ស.ស.យ.ក និងអ្នកពាក់ព័ន្ធមួយចំនួនទៀត

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋត្រូវអនុវត្ត តាមការណែនាំ ៣កុំ ៣ការពាររបស់ រាជរដ្ឋាភិបាល ក៏ដូចជា វិធានការការពាររបស់ ក្រសួងសុខាភិបាល ដោយ រក្សាគម្លាត និងលាងដៃជាមួយអាល់កុល ឬសាប៊ូ ឲ្យបានញឹកញាប់ និងយកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺផងដែរ ដោយមានការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម។
សូមជម្រាបថា ការចុះបាញ់ថ្នាំនេះដើម្បីចូលរួមប្រយុទ្ធប្រឆាំង ការពារ និងទប់ស្កាត់ជំងឺ COVID-19 ក្នុងគ្រាដែលប្រទេសកម្ពុជាកំពុងមានព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ)៕ដោយ៖ចាន់ ធី