នាយទាហាន-ពលទាហាននៅព្រំដែនបានទទួលការផ្សព្វផ្សាយ អនុក្រឹត្យស្ដីពី​វិធានការសុខាភិបាល

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី០២ ខែមាសា ឆ្នាំ២០២១ យោធិនចំណុះកងពលតូចថ្មើជើងលេខ៤១ បានទទួលការផ្សព្វផ្សាយអនុក្រឹត្យលេខ៣៧អនក្រ.បក.ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្ដីពី​វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ និងជំងឺកាចសាហាវ​ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងសេចក្ដីណែនាំលេខ ០០១ ស ណ ន ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ស្ដីពី​ការ​រក្សា​ការសម្ងាត់ កិច្ចការយោធា របស់ក្រសួងការពារជាតិ ដល់នាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងតែឈរជើងបំពេញភារកិច្ចនៅតាមខ្សែបន្ទាត់ព្រំដែនជួរមុខកម្ពុជា-ថៃ។

ការចុះផ្សព្វផ្សាយច្បាប់នេះប្រព្រឹត្តទៅក្រោមវត្តមានលោកវរសេនីយ៍ឯក ឯម វាសនា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៤១ បានធ្វើឡើងមានរយៈពេល៦ថ្ងៃ ចាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ តាមបណ្តាអង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៤១ ។

ការផ្សព្វផ្សាយច្បាប់នេះ សំដៅពង្រឹងដល់កងទ័ពយល់ដឹងនូវវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ បច្ចុប្បន្នជំងឺកូវីដ-១៩ បាននឹងកំពុងឆ្លងរាលដាលចូលក្នុងសហគមន៍ ដែលមានលក្ខណៈទ្រង់ទ្រាយធំគួរឲ្យព្រួយបារម្ភ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងខិតខំយកចិត្តទុកដាក់ និងចាត់វិធានការនានា ក្នុងការបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់នេះ។

អនុក្រឹត្យនេះមានវិសាលភាពក្នុងការអនុវត្តនូវវិធានការសុខាភិបាលរួមមាន៖
-ការធ្វើអនាម័យ និងការវាស់កម្តៅ -ការពាក់ម៉ាស់ -ការរក្សាគម្លាតសុវត្ថិភាពបុគ្គល និងសង្គម -ការយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ -ការធ្វើចត្តាឡីស័ក -ការដាក់ឲ្យនៅដាច់ដោយឡែកដើម្បីទទួលការព្យាបាល -ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ -ការធ្វើសេចក្តីប្រកាសសុខភាព និង
– ការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩។

ជាមួយគ្នានោះផងដែរ លោកវរសេនីយ៍ឯក មេបញ្ជាការរង បានផ្តាំផ្ញើដល់កងទ័ពទាំងអស់បើទោះបីយើងបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចហើយក្តី ក៏យើងត្រូវតែបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តវិធានការ ៣ការពារ និង៣កុំរបស់សម្តេចតេជោមានដូចជា ៣ការពារគឺ៖ -ត្រូវពាក់ម៉ាស់ -លាងសម្អាតដៃសម្លាប់មេរោគឲ្យបានញឹកញាប់ និងរក្សារគម្លាតសុវត្ថិភាពបុគ្គល និងសង្គម និង៣ការពារ៖ -កុំទៅកន្លែងដែលបិទជិតមិនមានខ្យល់ចេញចូល – កុំទៅកន្លែងមានមនុស្សច្រើនកុះករកកកុញ -និងកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើមឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល ទើបយើងយកឈ្នះនូវជំងឺកូវីដ-១៩បានដោយជោគជ័យ៕ដោយ៖ចាន់ ធី