រថយន្តបែនដឹកដីសណ្ដោងធុនធំបុកម៉ូតូមួយគ្រឿងពីក្រោយគូថពេញទំហឹង បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ៖ បុរសម្នាក់ បើកបររថយន្តបែនដឹកដីសណ្ដោងធុនធំបែនដឹកដីបុកម៉ូតូមួយគ្រឿងចំពីក្រោយគូថពេញទំហឹង បណ្ដាលឱ្យមានមនុស្សប្រុសស្រីរងរបួសធ្ងន់ស្រាលចំនួន២នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង១០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសស្រី្ត២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U-0205 រួមដំណើរជាមួយគ្នា ដោយបុរសជាអ្នកឌុប ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយឺតល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តបែនដឹកដីសណ្តោងធុនធំមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0736 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិសគ្នា តាមបណ្តោយផ្លូវ៣៧១ ក៏ស្រាប់តែជ្រុលមកបុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1U-0205 ចំពីក្រោយគូថពេញទំហឹងអូសប្រហែល២ម៉ែត បណ្ដាលឱ្យបុរសម្នាក់រងរបួសស្រាល និងស្រី្តម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯ ម៉ូតូវិញរងការខូចខាតយ៉ាងដំណំតែម្តង។ ហើយភ្លាមនោះ តៃកុងរថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឱ្យចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕