ស្ត្រីដៃរហ័ស២នាក់បន្លំដោះខ្សែកគេក្នុងផ្សារភ្នែកមហាជនរហ័សជាងត្រូវសមត្ថកិច្ចឃាត់ខ្លួន

0

ខេត្តបាត់ដំបង÷ស្ត្រីដៃឆើតចំនួន២នាក់អស់ល័ក្ខត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗបន្ទាប់ពីភ្នែកមហាជនឃើញទាន់ខណះដែលស្ត្រី២រូបនេះដើរចូលក្នុងផ្សារកន្លែងមានមនុស្សច្រើនហើយបន្លំដោះខ្សែកស្ត្រីម្នាក់តែមិនបានសម្រេចត្រូវគេឃើញទាន់។
លោកវរសេនីយ៍ឯកផង់.សុភាពអធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា÷ករណីនេះបានកើតឡើងនៅវេលាម៉ោង ៧:៣០នាទីថ្ងៃទី៣ខែមេសាឆ្នាំ២០២១នេះត្រង់ចំណុចផ្សារជ្រោយម្ទេសឋិតក្នុងក្រុមទី១៦ភូមិជ្រោយម្ទេសឃុំតាម៉ឺនស្រុកថ្មគោលខេត្តបាត់ដំបង។
ប្រភពខាងលើបន្តថា÷ស្ត្រីជាជនសង្ស័យទាំង២នាក់មានឈ្មោះកែវ.សែតអាយុ៦០ឆ្នាំនិងម្នាក់ទៀតឈ្មោះយាន.សឿមអាយុ២៨ឆ្នាំទាំងពីរនាក់រស់នៅក្នុងភូមិថ្មីឃុំជ្រៃស្រុកថ្មគោលខេត្តបាត់ដំបង។ចំណែកឯជនរងគ្រោះឈ្មោះធឿន.រ៉នភេទស្រីអាយុ ៥៦ឆ្នាំរស់នៅភូមិក្រសាំងឃុំតាម៉ឺនស្រុកថ្មគោលដូចគ្នា។
បើយោងតាមសម្តីអ្នកនៅកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថា:នៅថ្ងៃកើតហេតុជនសង្ស័យទាំង២នាក់បានបន្លំដើរចូលក្នុងផ្សារជ្រោយម្ទេសកន្លែងមានមនុស្សចង្អៀតហើយឱកាសល្អបានលួចដោះខ្សែកស្ត្រីជនរងគ្រោះដែលពាក់នៅហ្នឹងកពេលយកបានក៏បោះឲ្យស្ត្រីជាដៃគូម្នាក់ទៀតឲ្យជាន់ជើងពីលើរួចក៏ឱនរើសយកខណ:កំពុងឱនយកខ្សែកខាងលើស្រាប់តែអ្នកនៅក្បែរបានឃើញហើយក៏ស្រែកផ្អើលឆោឡោឲ្យនគរបាលមូលដ្ឋានចុះមកឃាត់ខ្លួនភ្លាមៗតែម្តង។
ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់សមត្ថកិច្ចក៏បានដកហូតបានខ្សែកច្រវ៉ាក់ឆាបចំនួន១ខ្សែធ្វើពីលោហះធាតុពណ៌លឿងទម្ងន់៣ជីរួចបញ្ជូនទៅកាន់អធិការនគរបាលដើម្បីចាត់ការតាមនីតិវិធីបន្ត៕សៅ សារិទ្ធ