ទុស្សេខ្សែភ្លើងបណ្តាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកស្រីស្នំ

សៀមរាប ៖ មានករណីទុស្សេខ្សែភ្លើងបណ្តាលអោយឆាបឆេះផ្ទះប្រជាពលរដ្ឋនៅស្រុកស្រីស្នំ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ នៅវេលាម៉ោង១២:១៥នាទី មានករណីអគ្គិភ័យ ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិមោងខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានអោយដឹងថា : មានករណីទុស្សេខ្សែភ្លើងបណ្តាលអោយឆេះផ្ទះប្រជាពលរដ្ឋ ម្ចាស់ឈ្មោះ សរ សូល ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅទីកន្លែងកើតហេតុខាងលើ បណ្តាលឲ្យរងការខូចខាតផ្ទះចំនួន ០១ខ្នង ទំហំ៩ម៉ែត្រ x ៦ម៉ែត្រ ថ្មក្រោមឈើលើ ដំបូលប្រក់ស័ង្កសី(ឆេះអស់៥០%) គ្រែដេកចំនួន ០៤ ទូរខោអាវចំនួន ៤ និងទូរទស្សន៍ចំនួន ០១គ្រឿង ។

ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ និងសង្គ្រោះហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនៃអធិការដ្ឋាននគរបាលស្រុកស្រីស្នំចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួនទឹក ០១ឡាន ទេីបអាចពន្លត់អគ្គិភ័យអោយរលត់ទៅវិញនៅវេលាម៉ោង ១៣ និង១០នាទីថ្ងៃខែឆ្នាំដដែល តែមិនបណ្តាលអោយបាត់បង់ជីវិតប្រជាពលរដ្ឋទេ ៕