អគ្គីភ័យឆេះឃ្លាំងផ្ទុកអីវ៉ាន់ផ្អេីលដល់កម្មករនិងសមត្ថកិច្ចចុះអន្តរាគមន៍

ភ្នំពេញ ៖ មានករណីអគ្គីភ័យមួយបានឆាបឆេះឃ្លាំងសម្រាប់ដាក់អីវ៉ាន់ នៅជាប់ផ្លូវលេខ៣៥០ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង បង្កការភ្ញាក់ផ្អេីលដល់កម្មករនិងប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកអន្តរាគមន៍ កាលពីវេលាម៉ោង៩យប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ។

យោងតាមប្រភពព័ត៌មានពីកម្មករដែលស្នាក់នៅទីនោះបានឲ្យដឹងថា ទីតាំងខាងលេីគឺជាឃ្លាំងសម្រាប់ទុកអីវ៉ាន់គ្រឿងសំណង់និងកម្មករស្នាក់នៅ។ នៅមុនពេលកេីតហេតុខណះកម្មករកំពុងសម្រាកខាងក្រោម ស្រាប់តែធំក្លិនផ្សែង ចេញមកពីជាន់ខាងលេី ទេីបនាំគ្នាឡេីងទៅមេីលក៏ឃេីញមានអណ្តាតភ្លេីង ឆេះសម្ភារដែលទុកចោល ភ្លាមនោះក៏នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់និងខ្លះទៀតរត់ចេញមកខាងក្រៅស្រែកឲ្យពលរដ្ឋជួយ និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។

ក្នុងប្រតិបត្តិការ បង្ការគ្រោះអគ្គិភ័យខាងលេីនេះ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញមកអន្តរាគមន៍ចំនួន៨គ្រឿងនិងប្រេីប្រាស់អស់ចំនួន៤គ្រឿង អគ្គិភ័យក៏រលត់ទៅវិញទាំងស្រុង ។

សមត្ថកិច្ចក៏បានបញ្ជាក់ទៀតថា ក្នុងហេតុខាងលេីនេះមិនមានមនុស្សរងរបួសនោះទេ ខូចខាតតែសម្ភារមួយចំនួនតែប៉ុណ្ណោះ។ ដោយឡែកមូលហេតុនៃការឆាបឆេះឃ្លាំងខាងលេីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕