យុវជនម្នាក់បានស្លាប់ដោយសារបាក់ច្រាំងអូរសង្កត់ស្លាប់ពេលចុះចាប់ត្រី

0

សៀមរាប៖យុវជនម្នាក់បានស្លាប់ភ្លាមៗដោយសារបាក់ច្រាំងមាត់អូរពេលចុះចាប់ត្រីបង់សំណាញ់ក្នុងអូរនៅស្ពានតូច ស្ថិតក្នុងភូមិរហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះចក់ ចែម អាយុ២១ឆ្នាំ ។
យោងតាមការបំភ្លឺរបស់ឈ្មោះ ហ៊ុន ចក់ ភេទប្រុស អាយុ៥៩ឆ្នាំនៅកន្លែងកើតហេតុខាងលើត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ និងឈ្មោះ ឌឿន ដាភេទ ប្រុស អាយុ៣៧ឆ្នាំត្រូវជាបងប្អូនជីដូន បានឲ្យដឹងស្រដៀងគ្នា ថាមុនពេលកើតហេតុខ្លួនបាននាំកូនទៅបង់សំណាញ់នៅស្ពានតូចប្រហែលម៉ោង១និង៣០នាទីរសៀល លុះដល់ម៉ោង៥និង៣០នាទី ល្ងាចស្រាប់តែកូនរបស់ខ្លួនបានយកសំណាញ់ ទៅគ្របនៅនឹងច្រាំងក្រោមគុម្ពឬស្សី ចំណែកខ្លួនក៏នៅក្បែរនោះដែរ ពេលកំពុងតែមុជរាវស្រវ៉ារកត្រីស្រាប់តែបាក់មាត់ច្រាំងសង្កត់មកលើកូន ខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ច និងបានហៅអេស្កាវទ័រ មកកាយយកកូនរបស់ខ្លួនចេញពីក្នុងទឹក។
ក្រោយការពិនិត្យរបស់កម្លាំងជំនាញបច្ចេកទេស បានធ្វើការពិនិត្យនិងធ្វើកោសល្យវិច័យបាន
ឃើញថាសពមានស្លាកស្នាមដាច់រលាត់នៅលើភ្នែក និងបាក់ខ្ទង់ច្រមុះគឺ ពុំមានពាក់ព័ន្ធករណីបទល្មើសព្រហ្មទណ្ឌឡើយ បណ្ដាលមកពីការបាក់ច្រាំងអូរសង្កត់ នេះបើតាមការធានាអះអាងរបស់ឪពុកបង្កើតសព។ បច្ចុប្បន្នសពត្រូវបានកម្លាំងជំនាញបច្ចេកទេសនៃអធិការដ្ឋានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕