អភិបាលខេត្តកំពង់ចាម​ ណែនាំ​ដល់​មន្ត្រី​ ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ ចំពោះ​ក្រុមហ៊ុន​យក​លុយ​ទឹកតែ​ និង​បង្ក​ការ​អុកឡុក​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​

កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ​ឲ្យ​ធ្វើ​ការ​ត្រួតពិនិត្យ​ឡេីង​វិញ​​​ ដើម្បី​មាន​ចំណាត់ការ​ ចំពោះ​បុគ្គល​មួយ​ចំនួន​ ដែល​បង្កើត​ក្រុមហ៊ុន​​​ ដេីម្បី​ទាមទារ​​​យក​​លុយ​​ទឹកតែ​ ហើយ​ថែមទាំង​បង្ក​ការ​អុកឡុក​​ ក្នុង​ដំណើរ​ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ជារឿយៗ​ទៀត​ផង​ ការ​ព្រមាន​​យ៉ាង​ដូច្នេះ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២៣​ អាណត្តិ​ទី​៣​ របស់​ក្រុមប្រឹក្សាខេត្តកំពង់ចាម​ នាព្រឹក​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០២១​ ។ 

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ ជាពិសេស​​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ទាំង​អស់​ ដែល​ជា​ម្ចាស់​គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ត្រូវ​ធ្វើ​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​ជាមុនសិន​​ មុន​នឹង​ចុះហត្ថលេខា​ទទួល​យក​ នូវ​គម្រោង​សាងសង់​អ្វី​មួយ​ពី​ម្ចាស់​ក្រុមហ៊ុន​ទទួល​ការ​ ដេីម្បី​ចៀសវាងការ​ខូចខាត​ផលប្រយោជន៍​រួម​ ហេីយ​គ្មាន​អ្នក​ទទួល​ខុសត្រូវ​ ដោឡែកចំពោះ​ក្រុមហ៊ុន​ដែល​សាងសង់​សំណង់​គ្មាន​គុណភាព​ ត្រូវ​ធ្វើការ​រាយការណ៍​ ដេីម្បី​មាន​ចំណាត់ការ​តាម​ផ្លូវ​ច្បាប់​ផង​ដែរ​ ។​ 

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម​ បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖​ ១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៣ របស់រដ្ឋបាលខេត្តកំពង់ចាម។

២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេលបីខែ មេសា,ឧសភា,មិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

៤. បញ្ហាផ្សេងៗ​ ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ៕