ដល់ថ្ងៃស៊យហេីយ!! ឆក់កាបូបស្ត្រីម្នាក់មិនបានសម្រេច ថែមទាំងជាប់ខ្នោះសមត្ថកិច្ចខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២១នេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វេីការបង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)
បង្កឡេីងនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ១៥ ” ៤០នាទី នៅចំណុច ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈុំ ចាន់ថន ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅ ផ្ទះលេខ ០១D ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ១ ខណ្ឌ ឫស្សីកែវ ។ ចំណែកជនសង្ស័យ ឈ្មោះ រិទ្ធ បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ គ្មាន មានទីលំនៅ ផ្ទះលេខ គ្មាន ផ្លូវ បេតុង ភូមិទួលសង្កែ សង្កាត់ ទួលសង្កែ ខណ្ឌ ឫស្សីកែវ (គ្មានសារធាតុញៀន)។សំភារៈ ដក ហូតៈ
១/ ម៉ូតូមួយគ្រឿង ម៉ាក HONDA SCOOPY ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ ១IM-៤៥៦០

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅថ្ងៃកេីតហេតុ ខាងលេី ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះមកបង់លុយទឹកភ្លេីង ពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងមកគៀកជនរងគ្រោះរួចធ្វេីសកម្មភាពឆក់យកកាបូបស្ពាយជនរងគ្រោះ តែជនរងគ្រោះបានទាញមកវិញបាន និងស្រែកចោរៗផ្អេីលឆោឡោស្របពេលកំលាំងសមត្ថកិច្ចល្បាតឃេីញក៏ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីត្រូវសមត្ថកិច្ចជំនាញខណ្ឌឬស្សីកែវ សាកសួរយកចម្លេីយនិងកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តន៍តាមនីតិវិធី ៕