បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូត្រមន្តបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន ពលីជីវិតក្នុងសម័យសង្រ្គាម

0

ខេត្តកំពង់ធំ៖ ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពិធី សូត្រមន្តបង្សុកូល ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្រ្គាមដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា ទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត អៀងសារី ខៀវសំផន ពិធីនេះបានធ្វើឡើងនៅ ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ក្នុងរដូវបុណ្យទានផ្សេងៗ ពិសេសក្នុងរដូវបុណ្យភ្ជុំ និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានរៀបចំពិធីសូត្រមន្ត បង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធបងប្អូនអតីតយុទ្ធជនពលី យ៉ាងអធិកអធ័មតែឆ្នាំនេះ ដោយសារមានផលប៉ះពាល់ការឆ្លងរាលដាលមេរោគកូវីត19 បានរៀបចំពិធីសមរម្យដើម្បីអនុវត្តតាមវិធានការបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ស្កាត់ការឆ្លងរាលដាលមេរោគកូវីត19

ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រសាសន៍ថា អតីតយុទ្ធជនពលីការលះបង់អាយុជីវិតចូលរួមចំណែក ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះ ក្នុងនោះក៏បានអគុណ ដ៏ជ្រាលជ្រៅជាទី ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត និងលោកជំទាវពេជ្រច័ន្ទមុន្នី ដែលបានជួយឧបត្ថម្ភថវិកាក្នុងការកែលំអរផ្នូរសពរបស់កម្មាភិបាលយុទ្ធជននៅទីនេះឲ្យមានសោភ័ណភាពដើម្បីទុកជាទីសក្ការៈ និងតឹកតាងនៃប្រវត្តិសាស្ត្រយោធា ដើម្បីទុកជូនអ្នកជំនាន់ក្រោយគោរពបូជាផងដែរ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានប្រគេនបច្ច័យជាងមួយលានរៀល ស្បៀងអាហារ និងភេសជ្ជៈមួយចំនួនទៀតដែលជាអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែត និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃនៅវត្តបុទុមរ័ត្ន ហៅវត្តក្រចាប់មានចំនួន ៥៣ អង្គដែលកំពុងខ្វះខាតចង្ហាន់ប្រចាំថ្ងៃដោយសារផលរងប៉ះពាល់  នៃការឆ្លងរីករាលដាលមេរោគកូវីដ19

ដោយ ប៊ុន រដ្ឋា