ធ្វេីសកម្មភាពលួចបានសម្រេចជាច្រើនដង ម្តងនេះមកទៀតត្រូវប្រជាពលរដ្ឋសហការចាប់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ៣នាក់ត្រូវប្រជាពលរដ្ឋធ្វើការឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ច ក្រោយពីពួកគេបានធ្វើសកម្មភាពលួចគាស់តូបក្នុងផ្សារឈូកមាស លួចយកគ្រឿងសមុទ្រជាច្រើនកេះបានសម្រេចជាញឹកញាប់ ។

ការឃាត់ខ្លួនជនសង្ស័យខាងលេីបានធ្វេីឡេីងកាលពីវេលាម៉ោង១និង១០យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសាឆ្នាំ ២០២១ នៅចំណុចតូបលក់គ្រឿងសមុទ្រ ក្នុងផ្សារឈូកមាស ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ស្រី ម៉ៅ ភេទទី៣ អាយុ២៤ឆ្នាំ មុខរបរសំអាងការចល័ត ថ្នាក់នៅម្ដុំផ្លូវរថភ្លើង សង្កាត់គោកឃ្លាងខណ្ឌសែនសុខ មានស្រុកកំណើត នៅឯស្រុកស្អាងខេត្តកណ្ដាល។

យោងតាមប្រភពពីយុវជនម្នាក់បានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃរូបគេបានដេកយាមតូបរបស់ខ្លួននៅក្នុងផ្សារឈូកមាស ជារៀងរាល់យប់នៅជាប់តូបលក់គ្រឿងសមុទ្រដែលជនសង្ស័យធ្លាប់ធ្វើបានធ្វើសកម្មភាពលួចគ្រឿងសមុទ្រដូចជាត្រី បង្គារ មុឹក ដែលម្ចាស់ដាក់ក្នុងកេះស្មោ យកទុកនៅក្នុងតូបជាប្រចាំសម្រាប់លក់ចែកចាយបន្ត ។

ប្រភពដដែរបានបន្តទៀតថាដោយម្ចាស់តែងបាត់គ្រឿងសមុទ្រជាញឹកញាប់ពេកក៏បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពឃើញជនសង្ស័យបានធ្វើសកម្មភាពគាស់តូបលួចយកគ្រឿងសមុទ្រមែន រួចហើយក៍កំណត់ មុខសញ្ញាតាមកាមេរ៉ាសុវត្ថិភាព ។ លុះដល់ម៉ោងកើតហេតុខាងលើក៍លេចមុខជនសង្ស័យមុខដដែរៗដោយមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងបានចូលមកធ្វើសកម្មភាពគាស់តូបដើម្បីលួចយកគ្រឿងសមុទ្រដូចសព្វរាល់ដងទៀត តែមិនទាន់បានសម្រេចរូបគេឃើញស្រែកឆោឡោលផ្អើលពេញផ្សារនាំគ្នាដេញចាប់បានជនសង្ស័យម្នាក់ ក៏ជូនសមត្ថកិច្ចភ្លាមៗចំណែកបក្ខពួក២នាក់ទៀតនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់។

តាមចម្លើយសារភាពរបស់ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា រូបគេពិតជាបានលួចគ្រឿងសមុទ្របានជាញឹកញាប់ពិតប្រាកដមែនក្រោយពីលួចបានរូបគេយកទៅហូបខ្លះនិងខ្លះទៀត យកហាលងៀតទុកហូបថ្ងៃក្រោយ ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ដើម្បីធ្វើការសួរនាំនិងចាត់ការទៅតាមច្បាប់៕