ថ្នាក់ដឹកនាំខេត្តព្រៃវែង ចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយអាជ្ញាធរមូលដ្ឋានក្នុងស្រុក

រសៀល ថ្ងៃពុធ ទី៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម អភិបាលរងខេត្ត ព្រមទាំងលោកប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ ជាពិសេសលោក ប្រធានមន្ទីរសុខាភិបាល កងកម្លាំងទាំងបី បានចុះត្រួតពិនិត្យមេីលទីតាំងដាក់ប៉ារ៉ាស់ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូលពីបណ្តាខេត្តជាប់ព្រំដែន ជាមួយថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានក្នុងស្រុកចំនួន៣គឺ ស្រុកពាមរក៍ ស្រុកកំពង់ត្របែក និងស្រុកកំចាយមារ ដែលជាស្រុកជាប់ព្រំប្រទល់នឹងខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។

សូមជំរាបផងដែរថា យោងតាមចំណាត់ការរបស់បទបញ្ជារាជរដ្ឋាភិបាលកម្ពុជាបន្ទាន់មួយថ្មីៗនេះ ដើម្បីសុវត្ថិភាពរបស់ជាតិ និងជីវិតរបស់ប្រជាជនកម្ពុជា កម្លាំងចម្រុះក្នុងមូលដ្ឋានបានចាត់វិធានការណ៍ដោយដាក់ប៉ារ៉ាស់ព្រំប្រទល់រវាងខេត្ត និងខេត្ត មិនអោយធ្វើចរាចរណ៍ឆ្លងកាត់ច្រកជាបណ្តោះអាសន្នគិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២០ មេសា ឆ្នាំ២០២១ នេះ។

អំណោយដែលនាំមកនាពេលនេះ សម្រាប់ស្រុកនីមួយៗរួមមាន:

– ថវិកាសម្រាប់ពេទ្យប្រចាំការ យោធា នគរបាល កងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាល និងប្រជាការពារ
– ទឹកសុទ្ធ មី ម៉ាស់ អាល់កុល ត្រីខ និងទឹកក្រូចfuze

ឯកឧត្តម អភិបាល ខេត្ត សូមយកឱកាសនេះរំលឹកជាថ្មី ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាយោគយល់និងសហការណ៍អោយបានល្អលើចំណាត់ការមួយនេះក្នុងគ្រាដ៍លំបាកផងដែរ។

ជាទីបញ្ចប់ ឯកឧត្ដម អភិបាល ខេត្ត សូមជូនពរថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ ជាពិសេសប្រជាពលរដ្ឋទាំងមូល ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវកូវីដ-១៩មួយនេះ។