យុវជនម្នាក់ជិះម៉ូតូលឿនប្រញាប់ដឹកអីវ៉ាន់ឲ្យភ្ញៀវ ជ្រុលបុករថយន្ត RANGE ROVER បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ ៖ យុវជនម្នាក់ជាអ្នកដឹកអ៊ីវ៉ានតាមអនឡាញ បានជិះម៉ូតូលឿនពេកមិនប្រយ័ត្ន ខណះមកដល់ផ្លូវបំបែកជាបួនជ្រុលទៅបុករថយន្តស៊េរីទំនើបចំបញ្ឆិតផ្នែកខាងមុខបណ្ដាលឲ្យដាច់ស្លាកលេខរថយន្តជាប់ម៉ូតូខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ កាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៥១ កែងនិងផ្លូវ១៣៦ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក វ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1L -3995 ធ្វើដំណើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកRANGE ROVER ពាក់ស្លាកលេខភ្នំពេញ2AD -6969 ធ្វើដំណើរពីកើតទៅលិចចំបញ្ឆិចពីមុខពេញទំហឹងបណ្ដាលឲ្យខ្ទាតទៅលើចិញ្ចើមផ្លូវរងរបួសធ្ងន់ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាម៉ុយឯកជនដឹកយកទៅសង្គ្រោះផងដែរ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ដកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាតាមក្រោយ ៕