រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ននិងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយៈពេល១៤ថ្ងៃ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានចាប់ផ្តើមអនុវត្តវិធានការរដ្ឋបាលឲ្យបិទការធ្វើដំណើរជាបណ្ដោះអាសន្ននិងការជួបជុំនានាក្នុងខេត្ត ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ រយៈពេល១៤ថ្ងៃ គឺគិតចាប់ពីយប់ថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ព្រមទាំងផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនៅតាមទីតាំងតូបអាហារ អាហារដ្ឋានភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈនិងភោជនីយដ្ឋាននៅតាមសណ្ឋាគារ ប៉ុន្តែមានករណីមួយចំនួនត្រូវបានលើកលែងផងដែរ ។

លោក ពៅ ពិសិដ្ឋ មានប្រសាសន៏ ជាក់ស្តែងនៅយប់នេះ ដែលរដ្ឋបាលខេត្តយើងបានអនុវត្តវិធានការណ៍នានាដែលបានដាក់ចេញជាបន្តបន្ទាប់ដោយយកចិត្តទុកដាក់យ៉ាងតឹងរឹងពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នេះបានបង្ហាញពីភាពរឹងមាំ ម្ចាស់ការ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាអ្នកដឹកនាំចំពោះស្ថានការណ៍ដ៏អាក្រក់ដែលប្រទេសជាតិកំពុងជួបប្រទះ។ លោក បានប្តថា បើទោះជាយ៉ាងណាក្តី ការដាក់ចេញនូវវិធានការណ៍ទាំងឡាយ ចាំបាច់ណាស់ទាមទារការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់គ្នាទើបយើងអាចទប់ស្កាត់បាននៅការរីករាលដាលជំងឺឆ្លងកូវិដ.១៩ ចំពោះបងប្អុនប្រជាពលរដ្ឋ ពិតណាស់គឺការការពារអាយុជីវិតផ្ទាល់របស់បងប្អូន។ ប្រសិនបើគ្មានការចាំបាច់ទេនោះ សូមបងប្អូនកុំចេញក្រៅផ្ទះឲ្យសោះ ព្រោះវាមានហានិភ័យខ្ពស់បំផុត។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការណ៍ទាំងឡាយឱ្យបាននឹងមានប្រសិទ្ធភាពខ្ពស់បំផុត និងសូមបន្តប្រកាន់នូវវិធានសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន។

លោក ឧត្តមសេនីយ៏ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានបង្ហាញថា នៅយប់ថ្ងៃទី១០ ខែមេសានេះ កម្លាំងចម្រុះបានចុះទៅតាមគោលដៅរៀងៗខ្លួន ដែលយើងបានចាត់តាំងអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្នរបស់រដ្ឋបាលខេត្តក្នុងក្រុងសៀមរាប ដែលយើងកំពុងតែអនុវត្តនេះ ជារួមយើងមាន ៦គោលដៅសំខាន់ៗ នៅក្នុងក្រុងសៀមរាប បានរៀបចំដាក់គោលដៅត្រួតពិនិត្យលើដងផ្លូវចំនួន០៦គោលដៅ រួមមាន៖ ១-គោលដៅផ្លូវបំបែកនាគបាញ់ទឹក(ផ្សារចាស់) ២-គោលដៅស្តុបគ្រួស ៣-គោលដៅស្តុបសុខាអង្គរ៤-គោលដៅស្តុបមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ស្ពាននាគ) ៥-គោលដៅស្តុបផ្លូវតាណឺយ ៦-គោលដៅស្តុបចុងកៅស៊ូ ផ្លូវជាតិលេខ៦។ លោក បានបញ្ជាកថា ចំពោះគោលដៅទាំង០៦ខាងលើនេះ គឺយើងប្រើប្រាស់កម្លាំងនគរបាលចរាចរណ៍ខេត្តនិងរថយន្តមួយគ្រឿងចល័ត ត្រួតពិនិត្យតាមដងផ្លូវផ្សេងៗ ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងគោលដៅតាមដងផ្លូវនឹងធ្វើការត្រួតពិនិត្យទៅលើអ្នកដំណើរដែលមិនមានភារកិច្ច ឬការចាំបាច់តាមការកំណត់ ដោយណែនាំឲ្យពួកគាត់វិលត្រឡប់ចូលទៅលំនៅដ្ឋានរៀងៗខ្លួនវិញ។ ដោយឡែក កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះត្រួតពិនិត្យនិងអនុវត្តតាមខ្លឹមសារសេចក្តីសម្រេច ចំពោះទីតាំងណាដែលមិនគោរពតាមកំណត់របស់រដ្ឋបាលខេត្ត។ អធិការដ្ឋាននគរបាលស្រុកចំនួន១១ទៀត ត្រូវអនុវត្តតាមផែនការនេះ ហើយសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាល និងត្រូវកំណត់គោលដៅត្រួតពិនិត្យ បិទបម្រាមគោចរ ចាប់ពីម៉ោង៨;០០នាទី ដល់ម៉ោង៥;០០នាទីព្រឹក ទៅតាមភូមិសាស្រ្តជាក់ស្តែង៕