អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ឱ្យប្រជាពលរដ្ឋទាំងអស់ ត្រៀមចូលរួមក្នុងការចាក់វ៉ាក់សាំង ដើម្បីបង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា

ប៉ៃលិន៖ ក្នុងឪកាសអញ្ជើញ ចុះពិនិត្យ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីរាជការ និងគ្រួសារអតីតយុទ្ធជន នៅតាមគោលដៅនីមួយៗទូទាំងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមចូលរួមក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីបង្ការការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។ពិធីនេះក៍មានការអញ្ជើញចូលរួម ពីឯកឧត្តមអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត ព្រមទាំងមន្រ្តីរាជការ មកពីតាមមន្ទីរជុំវិញខេត្តជាច្រើនរូប។
ក្នុងពិធីអញ្ជើញ ចុះត្រួតពិនិត្យ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីរាជការ និងគ្រួសារអតីតយុទ្ធជននៅតាមគោលដៅនីមួយៗនេះដែរ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៍បានលើកទឹកចិត្តក្រុមគ្រូពេទ្យឈានមុខ ដែលបានជួយក្នុងកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ តាមគោលដៅ ហើយជំរុញឱ្យមន្រ្តីរាជការទាំងអស់បន្ត ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន ក៏ដូចជាទូទាំងប្រទេសផងដែរ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ក៏បានលើកឡើងនូវបញ្ហាជំងឺកូវីដ ១៩ ដែលកំពុងតែបន្តវាយលុកនៅក្នុងប្រទេសកម្ពុជា ក្នុងព្រឹត្តិការណ៍ ចូលក្នុងសហគមន៍ ២០កុម្ភៈ លើកទី៣ យ៉ាងធ្ងន់ធ្ងរ ដោយមិនទាន់ថមថយទៅវិញនៅឡើយទេ ហើយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែង ចំណាយទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា និងដាក់បានចេញនូវវិធានការស្ទើររាល់ថ្ងៃក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ដែលជាសត្រូវគ្មានស្រមោល និងមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ ។ លោកជំទាវអភិបាលខេត្ត ក៏បានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចុះឈ្មោះទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ~១៩ ឱ្យបានគ្រប់ៗគ្នា តាមការណែនាំរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ដោយត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬជែល ឱ្យបានញឹកញាប់ ត្រូវមានគម្លាតសុវត្ថិភាពឱ្យបានចំងាយ១.៥០ម៉ែត្រ ទៅ២ម៉ែត្រ និងត្រូវពាក់ម៉ាសការពារ ពេលធ្វើដំណើរចេញទៅក្រៅ ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កាន់តែរីកធំទៅៗ ។
សូមបញ្ជាក់ផងដែរថា៖ ដំណើរការ នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់មន្រ្តីរាជការ និងគ្រួសារអតីតយុទ្ធជន ក្នុងខេត្តប៉ៃលិនរួមមានទីតាំង នៅមន្ទីរសុខាភិបាលខេត្ត មណ្ឌលសុខភាពភ្នំស្ពង់ និងមណ្ឌលសុខភាពផ្សាព្រំ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ៕