រដ្ឋបាលខេត្តសៀមរាបទទួលអំណោយពីសប្បុរសជនប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩

0

សៀមរាប: ម៉ាស់ចំនួន ២ម៉ឺនម៉ាស់ អាល់កុល ៣០០លីត្រ  មី១០កេសធំ ទឹកសុទ្ធ១០០កេះ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយរបស់ ឯកឧត្តម សំ វណ្ណថន និងលោកជំទាវ រួមទាំងក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានប្រគល់ជូនរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១នេះ ក្រោមអធិបតីរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅសាលាខេត្តសៀមរាប ។
ឯកឧត្តម សំ វណ្ណថនមានប្រសាសន៍បានថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺ កូវីដ -១៩ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះ ។ ឯកឧត្តមបានបន្តទៀតថា អំណោយយកមកផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប នាថ្ងៃនេះ ចេញឡើងពីទឹកចិត្តដ៏សប្បុរស របស់ក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស គឺជាសិល្បះនៃការចែករំលែកក្នុងគ្រាលំបាក  ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ-១៩ នៅតាមមូលដ្ឋាន ។
ឯកឧត្តម ទៀ សីហា បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌  របស់ ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប ដែលបានផ្តល់ជូននូវសម្ភារៈ បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តម បានជម្រាបជូន ដល់សប្បុរសជន និង តំណាងក្រុមហ៊ុនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ-១៩ នេះ  អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពី ក្រៅប្រទេស និង រាជធានី ខេត្តដែលជួបនូវហានីភ័យខ្ពស់ នៃជម្ងឺកូវិដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ឃុំ  ។  ឯកឧត្តម បានសំណូមពរ ដល់ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល  ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តា ក្រុង ស្រុក ទៀតផងដែរ ។ ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើ ការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង សូមបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕