ឯកឧត្តម ជាម ច័ន្ទ សោភ័ណ និង លោកជំទាវ ផ្តល់ ថវិកា និង សំភារ មួយ ចំនួន សម្រាប់ លេីក ទឹកចិត្ត ដល់ មន្ត្រី សាលា ខេត្ត ត្បូងឃ្មុំ ក្នុង ឱកាសបុណ្យ ចូលឆ្នាំ ថ្មី ប្រពៃណីជាតិខ្មែរ

0

ត្បូងឃ្មុំ: ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នាព្រឹក ថ្ងៃ ទី ១២ ខែមេសា ឆ្នាំ ២០២១ នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូន នូវ ថវិកា និង សំភារមួយចំនួន ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១។ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹងពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើគោលការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ <<សន្តិភាព អភិវឌ្ឍន៍ រីកចម្រើន បម្រើសេវាសាធារណៈជូនពលរដ្ឋ លឿន រហ័ស មានតម្លាភាព>>។

ក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ ឆ្លៀតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៍បានក្រើនរំលឹកអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវការពារការឆ្លង នៃមេរោគនេះ ដោយបន្តពាក់ម៉ាស់រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុល ឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល» ពិសេសត្រូវអនុវត្តតាមអនុសសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ( ៣កុំ ៣ការពារ)។

ម្យ៉ាងទៀត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវទទួលវ៉ាក់សាំងឲ្យបានគ្រប់២ដង ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ពីជម្ងឺនេះ។

គួរបញ្ជាក់ថា ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ តែងតែរៀបចំពិធីជួបសំណះសំណាល ផ្តល់ថវិការ និងប្រេងសាំងលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ ជារៀងរាល់ឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌ៕