នគរបាលព្រហ្មទណ្ឌខេត្តចាប់ខ្លួនយុវជនវៀតណាមម្នាក់ ក្នុងអំពើឃាតកម្មសម្លាប់យុវតីវៀតណាម អាយុ១៣ឆ្នាំ

0

សៀមរាប÷កម្លាំងនគរបាលខេត្ត នៅរសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ បានចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងអំពើឃាតកម្ម សម្លាប់យុវតីវៀតណាមអាយុ ១៣ ឆ្នាំ។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ ស្នងការងទទួលការងារព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹងថា ប្រតិបត្តិការនេះ ក្រោមការចង្អុលបង្ហាញពីលោកឧត្តម សេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េត ស្នងការងទទួលផែនព្រហ្មទណ្ឌ ឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់។ លោកបន្តថាកាលពីថ្ងៃទី ១៣ ខែ មេសាឆ្នាំ២០២១ វេលាម៉ោង ១៤:០០នាទី  ត្រង់ចំណុចភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀម រាប មានករណីឃាតកម្មលើ  ជនរងគ្រោះឈ្មោះ  វៀង ធីគឹមមួយ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិកើតហេតុ ខាងលើ ត្រូវបានជនសង្ស័យ វ៉ៃចំក្បាលបណ្តាលអោយ ស្លាប់។ ក្រោយពេលធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត យើងបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ០១នាក់ ឈ្មោះ ង្វៀន វ៉ាន់ហ៊ាន ភេទប្រុស ជនជាតិវៀតណាម អាយុ ១៦ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ឆ្លងកាត់ការសាកសួរជន សង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើ សកម្មភាព ករណីខាងលើនេះ ពិតប្រាកដមែន ដោយខឹងនិងជនរងគ្រោះ ជេប្រមាថ  ទើបរូបគេខឹង ក៏យកញញ៉ួរ វ៉ៃជនរងគ្រោះ ចំក្បាល បណ្តាលអោយស្លាប់តែម្តង ។
លោកស្នងការងបញ្ជាក់ថា  ក្រោយស្តាប់ចម្លើយសារភាព លោកបានអោយ កម្លាំងជំនាញ បានរៀបចំ សំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទៅអយ្យការ អមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១៥ខែមេសានេះចាត់ការទៅតាម នីតិវិធីច្បាប់ ៕