បុរសម្នាក់ហ៊ានកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលបិទមិនឲ្យធ្វើចររាចរណ៍ ត្រូវចាប់បញ្ជូនទៅកាន់តុលាការ

0

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយយកកូនកាំបិតមកកាត់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ច ដែលហាមមិនឲ្យប្រជាពលរដ្ឋជិះធ្វើចររាចរណ៍ឆ្លងកាត់តាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសរូបនេះត្រូវបានកម្លាំងនគរបាល កំពុងកសាងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ក្រោមបទចោទ «ប្រឆាំងនឹងការអនុវត្តការងារសារធារណ:។

របាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា «នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១០៖៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងពី «បទប្រឆាំងនឹងការអនុវត្តការងារសារធារណ:» ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៤៥ ផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក»។

ជនសង្ស័យមានឈ្មោះ ដារ៉ា រ័ត្នសុគន្ធ ហៅ ផានិត អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ៣៩៣E ផ្លូវលេខ១២៨ ក្រុមទី៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។ វត្ថុតាងចាប់យកមាន៖ កូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១។

តាមដំណើររឿងហេតុ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១០:៣០នាទី កម្លាំងរបស់អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះអនុវត្តសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅចំណុចផ្លូវលេខ១២៨ កែងផ្លូវ២១៥ ក្រុមទី២២ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ស្រាប់តែមានជនសង្ស័យឈ្មោះ ដារ៉ា រ័ត្នសុគន្ធ បានដើរមកពីផ្ទះរួចបានយកកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១ យកមកធ្វើសកម្មភាពកាត់ខ្សែរបាំងការពារគោលដៅ របស់សមត្ថកិច្ចហាមមិនឲ្យប្រជាពលរដ្ឋជិះយានជំនិះធ្វើចររាចរណ៍ជិះឆ្លងកាត់តាមដងផ្លូវ បណ្ដាលឲ្យដាច់ខ្សែរបាំងការពារគោលដៅរបស់សមត្ថកិច្ចយើង រួចហើយរត់គេចខ្លួន។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចយើងដែលនៅប្រចាំការគោលដៅ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ និងចាប់យកកូនកាំបិតចិតបន្លែចុងស្រួចដងពណ៌ក្រហមចំនួន០១ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បចាត់ការតាមនីតិវធីច្បាប់តែម្ដង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះ យកមកធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផលមានភាពអវិជ្ជមាន។ បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕