អភិបាលខេត្តកំពង់ចាម បន្ត ចុះ ត្រួតពិនិត្យ ការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដេីម្បី ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ ថ្នាក់ដឹកនាំ មន្ទីរអង្គភាព និង អាជ្ញាធរ ពាក់ព័ន្ធ នាព្រឹក ថ្ងៃ ទី ១៦ ខែមេសា ឆ្នាំ ២០២១ នេះ បាន អញ្ជើញ ចុះ ត្រួតពិនិត្យគោលដៅ ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់តាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៤៤ ស.ស.រ ដេីម្បីទប់ស្កាត់ការឆ្លងរាដាល នៃជំងឺកូវីដ-១៩ នៅតាម បណ្តា ស្រុក នៃខេត្តកំពង់ចាម ដែលមានព្រំប្រទល់ ជាប់ ខេត្តកណ្ដាល និង ខេត្ត កំពង់ធំ ។

គួរ បញ្ជាក់ ថា ដេីម្បី អនុវត្តតាម សេចក្តី សម្រេច របស់ រាជរដ្ឋាភិបាល ស្តីពី ការ ហាមឃាត់ការធ្វេីដំណេីរឆ្លងកាត់ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយទូទាំងប្រទេស ជាបណ្ដោះអារសន្ន នេះ ឯកឧត្ដម អ៊ុន ចាន់ដា ក្នុង នាម ជា ប្រធានគណៈបញ្ជាការឯកភាពខេត្ត បាន ដឹកនាំ ប្រធាន អង្គភាព និង អជ្ញាធរ ពាក់ព័ន្ធ ចុះ ត្រួតពិនិត្យ គោលដៅ ក្នុង ស្រុក ចំនួន ៤ រួមមាន ៖ ១-គោលដៅនៅ លើ កំណាត់ ផ្លូវ ជាតិ លេខ ៦ ចំណុច ព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម-ជាប់នឹងស្រុកពញាឮ ខេត្តកណ្តាល។ ២-គោលដៅព្រំប្រទល់ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាប់និងស្រុកតាំងគោក ខេត្តកំពង់ធំ។ ៣-គោលដៅ ព្រំប្រទល់ស្រុកចំការលើ ជាប់នឹងស្រុកតាំងគោក ខេត្តកំពង់ធំ។ ៤-គោលដៅ ព្រំប្រទល់ស្រុក ចំការលើ ខេត្តកំពង់ចាម ជាប់នឹងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុង ដំណើរ អញ្ជើញ ចុះ ត្រួតពិនិត្យ គោលដៅ នេះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត កំពង់ចាម បាន ធ្វើ ការ សាកសួរ សុខទុក្ខ និង ផ្តាំផ្ញេី ដល់ កងកម្លាំង សមត្ថកិច្ច និង អជ្ញាធរ មូលដ្ឋាន ធ្វើ យ៉ាងណា ត្រូវ អនុវត្ត ឲ្យ បាន ខ្ជាប់ខ្ជួន ទៅ តាម ការ ណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក៏ដូចជា ក្រសួង សុខាភិបាល តាម រយៈ វិធានការ ៣ការពារ ៣កុំ ដេីម្បី ជៀសផុត ពី ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ -១៩ ។ ជាមួយគ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏ បាននាំយក នូវ សម្ភារ និង ថវិកា មួយចំនួន សម្រាប់ ផ្តល់ ជូន កម្លាំង ប្រចាំ គោលដៅ ខាង លើ ផងដែរ ៕