អគ្គស្នងការរងនគរបាលជាតិ បានណែនាំ រំលឹកដល់កម្លាំងឈរជើងតាមគោលដៅនីមួយៗ គឺត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងមាត់ ទន់ភ្លន់ បទបែន មានតម្លាភាព ចំពោះការអនុវត្តភារកិច្ចក្នុងការទប់ស្កាត់លំហូរប្រជាពលរដ្ឋ ចេញ ចូលរាជធានីភ្នំពេញឆ្លងកាត់គោលដៅឈរជើង

នៅក្នុងឱកាស ចុះត្រួតពិនិត្យកងកម្លាំងនគរបាលជាតិដែលកំពុងឈរជើងនៅតាមគោលដៅក្រវ៉ាត់រាជធានីភ្នំពេញ ដើម្បីចូលរួមអនុវត្តខ្លឹមសារនៃសេចក្តីសម្រេចលេខ ៤៩សសរ ចុះថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្ដាល ដើម្បីបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១៦ មេសានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ
បញ្ជាក់ប្រាប់ទៅកម្លាំងឈរជើងតាមគោលដៅទាំងអស់ថា ចំពោះអ្នកគ្មានសិទ្ធិចូលរាជធានីភ្នំពេញត្រូវណែនាំឲ្យពួកគាត់ធ្វើដំណើរត្រឡប់ក្រោយ ក្នុងករណីល្មើសត្រូវអនុវត្តច្បាប់ ។ ដោយឡែក ក្នុងករណីហួសដែនសមត្ថកិច្ច ត្រូវស្នើសុំគោលការណ៍ពីគណៈបញ្ជាការឯកភាព តាមគោលដៅឈរជើង។

ព្រមជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានសង្កត់ធ្ងន់ថា ចំពោះកម្លាំងនគរបាលដែលកំពុងឈរជើងទាំងពីរវេន ថ្ងែ និងយប់ នៅគ្រប់គោលដៅ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល និងពិសេសត្រូវពាក់ម៉ាស់ និងរក្សាគម្លាតសង្គម៕