អភិបាលរាជធានីភ្នំពេញបញ្ជាក់ថា បើបងប្អូនប្រជាពលរដ្ឋនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ទេ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានប្រកាសថាបើបងប្អូនប្រជាពលរដ្ឋ នៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញកំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ឡើយ ពោលគឺនៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិឬគ្មានឯកសារ ក្នុងការអនុញ្ញា អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តទៅតាមច្បាប់។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង
អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៧ ខែមេសានេះ ខណៈដែលឯឧអភិបាលនិងអភិបាលរងរាជធានីភ្នំពេញ ចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ ត្រង់ចំណុចគោលដៅស្ពានក្បាលថ្នល់ ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋបានធ្វើដំណើរ. ដែលជាហានិភ័យនៃការឆ្លងីករាលដាលជម្ងឺកូវីដ-១៩ ។
ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានណែនាំ ឱ្យកម្លាំងសមត្ថកិច្ច និងបានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើការបកក្រោយ ហើយប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់។ ឯឧបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ ដោយមិនមានការយោគយល់ឡើយ មានន័យថា នៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធីឬគ្មានឯកសារ ក្នុងការអនុញ្ញាអោយធ្វើដំណើរទេ អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន អនុវត្តទៅតាមច្បាប់តែម្តង៕