ថ្នាក់ដឹកនាំខេត្តព្រះវិហារនាំយកទេយ្យទានទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃក្នុងដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍២០គុម្ភះ

0

ដោយ៖ឡុង សំបូរ
ខេត្តព្រះវិហារ៖ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ,ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ បានដឹកនាំមន្ត្រីខេត្ត ក្រុង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអង្គភាពកងកម្លាំងទាំង៣ បាននាំយកគ្រឿងបរិក្ខា ទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃគង់នៅក្នុងវត្តជ័យប្រឹក្ស ហៅ វត្តគោកបេង ស្ថិតនៅក្នុងក្រុងព្រះវិហារ នាថ្ងៃទី១៨មេសាឆ្នាំ២០២១នេះ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ឲ្យដឹងថា សម្ភារៈបរិក្ខា ដែលជាទេយ្យទាន ទេយ្យវត្ថុ និងបច្ច័យ ដែលត្រូវបានប្រគេនជូនព្រះសង្ឃ គង់នៅក្នុងវត្តជ័យប្រឹក្ស ហៅ វត្តគោកបេង នៅក្នុងពេលនេះ មានអង្ករ ៦៥០គីឡូក្រាម មី ២២កេស ទឹកត្រី ១២យួរ ទឹកស៊ីអ៊ីវ ១៥យួរ ទឹកក្រូច ២០កេស ទឹកបរិសុទ្ធ ១៩កេស ស្ករស ប៊ីចេង ត្រីខកំប៉ុង ឆ្នាំងដែក កាធុនជ័រ ធុងយួរទឹក ផ្លែឈើ ២កេស នំបញ្ចុក ៦០គីឡូក្រាម នំប៉័ង សាច់គោ សាច់ជ្រូក ម៉ាស ៥០ដុំ អាល់កុល ១០លីត្រ និងថវិកា ចំនួន ៤លាន ៦សែនរៀល ថែមទៀតផង។
លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ទៀតថា ការនាំយកទេយ្យទាន ទេយ្យវត្ថុ ថវិកា និងបរិក្ខាប្រើប្រាស់ មកប្រគេនព្រះសង្ឃនៅក្នុងពេលនេះ គឺដោយសារការមើលឃើញពីការខ្វះខាតនៅក្នុងទីអារ៉ាម សម្រាប់ផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ និងអាហារដល់យាយជី តាជី ក៏ដូចជាគណៈកម្មការអាចារ្យវត្ត នៅក្នុងដំណាក់កាល នៃការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍ ដ៏គួរឲ្យព្រួយបារម្ភនេះ ស្របពេលដែលខេត្តព្រះវិហារ មានវិជ្ជមានកូវីដ១៩ ចំនួន១ករណី និងត្រូវបាននាំយកទៅធ្វើចត្តាឡីស័ករួចហើយ រីឯព្រះសង្ឃគង់នៅក្នុងទីអារ៉ាមនីមួយៗ មិនអាចនិមន្តចេញខាងក្រៅវត្ត ដើម្បីបិនបាត្រ ការធ្វើបុណ្យទាន និងបុណ្យសាសនា នានាបាននោះឡើយ នៅក្នុងរយៈពេលនេះ។
លោកអភិបាលខេត្ត បានផ្ញើបណ្តាំដល់ព្រះសង្ឃនៅវត្តគោកបេង ក៏ដូចជាព្រះសង្ឃ យាយជី តាជី និងគណៈកម្មការអាចារ្យវត្ត នៅគ្រប់វត្តអារ៉ាមក្នុងខេត្ត មេត្តាបង្កើនការអនាម័យឲ្យបានខ្ពស់ជានិច្ច តាមរយៈការនិមន្ត និងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ឲ្យបានគ្រប់ព្រះកាយ និងគ្រប់ៗគ្នា ដោយត្រូវបន្តអនុវត្តតាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាល គឺត្រូវអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និងការអនុវត្តតាមវិធានការរបស់ ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ដែលការអនុវត្តបែបនេះ គឺជាបច្ច័យមួយក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលកម្ពុជា បានចេញប្រកាស នៅថ្ងៃទី១៨មេសាឆ្នាំ២០២១ នេះ ឲ្យដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៦១៨នាក់បន្ថែមទៀត ការឆ្លងចូលក្នុងសហគមន៍ទាំងអស់ ៦១៨នាក់ និងមានអ្នកជាសះស្បើយ ៦០នាក់។
ក្រសួងសុខាភិបាល បានប្រកាសទៀតថា អ្នកឆ្លងកូវីដ ១៩ នៅរាជធានីភ្នំពេញ ចំនួន ៤៩៣នាក់ ,ខេត្តព្រះសីហនុ ៧៥នាក់ ,ខេត្តកណ្តាល ៣១នាក់ ,ខេត្តស្វាយរៀង ៨នាក់ ,ខេត្តព្រៃវែង ៥នាក់ ,ខេត្តកំពង់ស្ពឺ ៣នាក់ ,ខេត្តតាកែវ ២នាក់ និងខេត្តកំពង់ចាម ម្នាក់ (១នាក់)។ ចំណែក អ្នកឆ្លងសរុប មានចំនួន ៦ពាន់ ៣៨៩នាក់ ,អ្នកជាសះស្បើយ ២ពាន់ ៤៧៦នាក់ ,អ្នកកំពុងព្យាបាល ៣ពាន់ ៨៦៥ និងមានអ្នកស្លាប់ ចំនួន ៤៣នាក់៕