តុលាការខេត្តព្រះវិហារ ឃុំខ្លួនជនសង្ស័យ ៤នាក់ លួចធ្វើដំណើរឆ្លងខេត្ត បំពានវិធានការរដ្ឋបាលខេត្ត និងសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា !

ខេត្តព្រះវិហារ៖ ជនសង្ស័យ ៤នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីធ្វើដំណើរឆ្លងខេត្ត និងការផ្ទុកនូវសារធាតុញៀន ក្នុងកាលៈទេសៈ ដែលរដ្ឋបាលខេត្តព្រះវិហារ ដាក់ចេញនូវវិធានាការហាមឃាត់ និងការដាក់ចេញ នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីរកវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ពីការឆ្លងរាលដាលជំងឺកូវីដ ១៩ ចូលក្នុងសហគមន៍នោះ នៅល្ងាចថ្ងៃទី២០មេសាឆ្នាំ២០២១ ជនសង្ស័យទាំង ៤នាក់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាសន្ននោះហើយ នៅក្នុងពន្ធនាគាខេត្ត ក្រោយកម្លាំងកងរាជអាវុធហត្ថខេត្ត ប្រចាំការនៅព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ឃាត់ខ្លួនកាលពីថ្ងៃទី១៨មេសាកន្លងមកនេះ។
ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងថ្ងៃនេះ គឺជាប់ពាក់ព័ន្ធនឹងបទល្មើសពីរករណី គឺ ១.ជាប់ពាក់ព័ន្ធនឹងការលួចធ្វើដំណើរឆ្លងទៅមកចូលខេត្ត គឺឆ្លងពីខេត្តព្រះវិហារ ទៅកាន់ខេត្តឧត្តរមានជ័យ ល្មើសនឹងវិធានការដ្ឋបាលខេត្តព្រះវិហារ និងសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល ក្នុងមាត្រា១១ ច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវី១៩ និង២.មានផ្ទុកទៅដោយសារធាតុញៀនខុសច្បាប់។
លោកព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានបញ្ជាក់ថា ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាល និងវិធានការរដ្ឋបាលខេត្តព្រះវិហារ ឲ្យមានប្រសិទ្ធភាព ស្ថាប័នអយ្យការ នៃលាសាដំបូងខេត្ត នឹងមិនបន្ធូរបន្ថយ ឬលើកលែងចំពោះជនណា ដែលបានល្មើសឆ្លងខេត្ត ដោយគ្មានលិខិតអនុញ្ញាតជាដាច់ខាត តួរយ៉ាងដូចជា ជនសង្ស័យទាំង ៤នាក់នេះ ព្រោះត្បិតប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញសេចក្តីណែនាំមកដល់ថ្នាក់ដឹកនាំ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ត្រីរាជការ និយោជក និយោជិត និងប្រជាពលរដ្ឋ ត្រូវរួមគ្នាគោរពច្បាប់ថ្មី ស្តីពី ជំងឺកូវីដ១៩ គឺហាមការជួបជុំ ហាមការធ្វើដំណើរឆ្លងខេត្ត ដោយគ្មានលិខិតអនុញ្ញាត ហើយតម្រូវឲ្យគោរព និងអនុវត្តតាមវិធានការណែនាំរបស់អាជ្ញាធរមូលដ្ឋាន ជាពិសេស ត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ រាជរដ្ឋាភិបាល នូវវិធានការ ៣ការពារ និង ៣កុំ និងវិធានការរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជាប្រចាំ។ លោកបានបញ្ជាក់ថា ការអនុវត្តបែបនេះ គឺដើម្បីខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ហើយប្រសិនបើមានអ្នកចំណូលថ្មី ត្រូវជួយផ្តល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ ចូលក្នុងសហគមន៍ ឲ្យមានប្រសិទ្ធភាព ៕ដោយ៖ឡុង សំបូរ