រដ្ឋបាលខេត្តសៀមរាបឲ្យអ្នកសារព័ត៌មាននិងគ្រួសារចុះឈ្មោះដើម្បីទទួបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩

0

សៀមរាប៖ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា បងប្អូនអ្នកសារព័ត៌មានរដ្ឋ និង ឯកជនដែលពុំទាន់បានទទួល ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ហើយបើស្ម័គ្រចិត្តចង់ចាក់ សូមរួសរាន់ទៅចុះឈ្មោះ នៅមន្ទីរព័ត៌មានខេត្ត ដោយឡែកសម្រាប់បងប្អូនអ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចហើយ ជួបបញ្ហាពិបាកក្នុងការចេញចូលក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់ ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩នៅខេត្តសៀមរាប រដ្ឋបាលខេត្តកំពុងសម្របសម្រួល ធ្វើប័ណ្ណសម្គាល់ សម្រាប់ចេញចូល ក្នុងការចុះយកព័ត៌មាន ក្នុងតំបន់នោះដោយរង់ចាំប្រមាណជា២ឬ៣ថ្ងៃទៀត ទើបរួចរាល់ ថ្លែងដូចច្នេះក្នុងការសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ជិត២០រូប មកពីជាង១០ស្ថាប័នក្នុងខេត្តសៀមរាប នៅក្នុងឱកាសផ្តល់គ្រឿង ឧបភោគបរិភោគ ជូនពួកគាត់ក្នុងសាលាខេត្តសៀមរាប នារសៀលថ្ងៃទី២១ខែ មេសា ឆ្នាំ២០២១នេះ ។
លោក ពិន ប្រាកដ បានថ្លែងកោតសរសើរ ដល់បងប្អូន អ្នកសារព័ត៌មាន គ្រប់អង្គភាពស្ថាប័ន ក្នុងខេត្តសៀមរាប កន្លងមកនិងរហូតមកដល់ពេលនេះ បងប្អូនបានចូលរួមយ៉ាងសកម្ម ក្នុងការផលិតព័ត៌មាន ក្នុងនោះបងប្អូនអ្នកសរព័ត៌មាន មួយចំនួនធំ បានសហការល្អក្នុងការទំនាក់ទំនង ជាមួយអាជ្ញាធរខេត្ត អង្គភាពមន្ទីរនានាបំរើឲ្យវិស័យព័ត៌មាន ក្នុងខេត្តប្រកបដោយ ក្រមសិលធម៌និងវិជ្ជាជីវៈ ស្របទៅតាមបរិបទ នៃការវីវត្តរីកចម្រើន ផ្នែកប្រព័ន្ឋព័ត៌មានវិទ្យា ។ ក្នុងនាមអភិបាលនៃគណៈអភិបាលខេត្ត លោក ពិន ប្រាកដ មានប្រសាសន៍ថា គ្រឿងឧភោគ បរិភោគ ដែលផ្តល់ជូននៅពេលនេះ ថ្វីត្បិតតែមិនអាចឆ្លើយតបបានទៅនឹងតម្រូវការ របស់បងប្អូនបានក៍ពិតមែន តែនេះបានបង្ហាញនូវការគិតគូរ យកចិត្តទុកដាក់របស់ ថ្នាក់ដឹកនាំខេត្ត ចំពោះសុខទុក្ខ និងការលំបាក របស់បងប្អូនអ្នកសារព័ត៌មាន ក្នុងដំណាក់កាលវបត្តិជំងឺកូវីដ-១៩កំពុងឆ្លងរីករាលដាលជាសាកល ។ លោក អភិបាលរងខេត្ត បានសុំការយោគយល់ និង អធ្យាស្រ័យពីសំណាក់បងប្អូនអ្នកសារព័ត៌មាន នៃអង្គភាពស្ថាប័នព័ត៌មានមួយចំនួនទៀត ដែលមិនទាន់បានទទួល សូមរង់ចាំនៅវគ្គបន្ទាប់ រដ្ឋបាលខេត្ត នឹងចាត់ចែងលៃលកជាជំហានៗទៅតាមលទ្ឋភាពដែលអាចធ្វើបាន។ រដ្ឋបាលខេត្តបានឧបត្ថម្ភដល់អ្នកសារព័ត៌មានចំនួន១៩នាក់មកពីជាង១០ អង្គភាពស្ថាប័ន ទាំងផ្នែករដ្ឋនិងឯកជន ដោយក្នុងម្នាក់ៗទទួលបានអង្ករ២០គ.ក្រ មី១កេស ទឹកស៊ីអ៊ីវ១យួ ត្រីខ១យួ ម៉ាស់២ដុំ និង អាល់កុលផងដែរ ៕