ក្រុមអ្នកកាសែតទទូចសុំស្ថាប័នតុលាការ ដោះលែងចាងហ្វាងកាសែតម្នាក់ឲ្យនៅក្រៅឃុំ

0

សៀមរាប÷ក្រុមអ្នកកាសែតក្នុងខេត្ត សៀមរាបប្រមាណ៣០ទៅ៤០នាក់ នៅរសៀលថ្ងៃទី ២៤ខែមេសា ឆ្នាំ២០២១នេះ បានទទូចសុំទៅស្ថាប័នតុលាការ មេត្តាដោះលែងចាងហ្វាងកាសែតម្នាក់អោយនៅក្រៅឃុំ។ ការទទូចសុំអោយនៅក្រៅឃុំពីសំណាក់ ក្រុមអ្នក កាសែតក្នុងខេត្តសៀមរាបនេះ គឺ ក្រោយពេលសមត្ថ កិច្ចចាប់ខ្លួន លោកចាងហ្វាងករណីផ្សាយព័ត៍មានថា ឧកញ៉ាលី យ៉ុងផាត់ស្លាប់។

ចាងហ្វាងកាសែតដែលត្រូវបានចាប់ខ្លួនមាន ឈ្មោះលឹម ហួរ ភេទប្រុស ជាចាងហ្វាងការផ្សាយកាសែតខ្មែរ៧មករា។ រូបគាត់ត្រូវបាននគរបាលការិ យាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាខេត្តសៀមរាបចាប់ឃាត់ខ្លួននាព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២១នេះ ហើយបានបញ្ជូនខ្លួនទៅតុលាការនៅថ្ងៃដដែល។ នៅរសៀលថ្ងៃដដែល លោកយិន ស្រាង អ្នកនាំ ពាក្យសាលាដំបូងខេត្តសៀមរាប មានប្រសាសន៍ តាមទូរសព្ទ័ថា លោកលឹម ហួរ បានត្រូវលោកចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ដោយចោទប្រកាន់ពីបទ ក្លែងព៍ត័មាន។ ក្នុងករណីនេះ លោកលីវ សុខុន ប្រធានមន្ទីរព័ត៍មានខេត្តសៀមរាប បានថ្លែងតាមទូរសព្ទ័ថា ករណីនេះលោកបានកំពុងប្រមូលព័ត៍មានដើម្បីជំរាបជូនរដ្ឋមន្ត្រីក្រសួងព័ត៍មាន។ លោកបន្តថា អ្នកសារព័ត៍មានត្រូវធ្វើអ្វីឬផ្សាយព័ត៍មានទៅតាមច្បាប់ឬអញ្ញាបណ្ណ័ ដែលក្រសួងផ្តល់អោយ។តែបើបុគ្គលធ្វើអ្វីដោយឯកជនខ្លួនឯង ដូចជាផ្សាយក្នុងហ្វេសប៊ុកឯកជន នោះវាមិនស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឡើយ។ តែរឿងនេះខាងមន្ទីរនឹងបន្តតាមដានទៅទៀត។

ជាមួយនឹងការសម្រេចឃុំខ្លួនលោកលឹម ហួរ ចាង ហ្វាងកាសែតខ្មែរ៧មករា របស់ស្ថាប័នតុលាការនេះ ក្រុមអ្នកកាសែតក្នុងខេត្តសៀមរាប បាននាំគ្នាទទូចសុំស្ថាប័នតុលាការ មេត្តាដោះលែងលោកលឹម ហួរ អោយនៅក្រៅឃុំ ត្បិតរូបគាត់បានដឹងកំហុស និងបានធ្វើការឡាយសុំទោសជាសាធារណ:វិញផងដែរហើយ។ ក្រុមអ្នកកាសែតក្នុងខេត្តសៀមរាប សង្ឃឹមថា តុលាការនឹងពិចារណា ហើយដោះលែងលោកលឹម ហួរ អោយបាននៅក្រៅឃុំ ៕