អភិបាលខេត្តកំពង់ចាម​ ចុះពិនិត្យស្ថានភាពបិទខ្ទប់ភូមិ​ បន្ទាប់ពីរកឃេីញអ្នកវិជ្ជមានកូវីដ-១៩​ នៅ​ស្រុកកងមាស​ និង​ស្រុកស្រីសន្ធរ

0

​កំពង់ចាម​:​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជាប្រធាន​គណៈកម្មការ​ខេត្តប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ ស្ថានភាព​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​ នូវ​ភូមិ​ថ្មី​ ខ​ ឃុំ​រកាគយ​ ស្រុកកងមាស​ និង​ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បន្ទាប់ពី​រកឃើញប្រជាពលរដ្ឋ​ខ្មែរ​ឆ្លងជំងឺកូវីដ-១៩ តាម​រយៈ​ព្រឹត្តិការណ៍២០កុម្ភៈ​ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​ថ្លែង​ថា​ បន្ទាប់​ពី​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​-១៩​ នៅ​ស្រុក​កងមាស​ ចំនួន​២នាក់​ និងនៅ​ស្រុកស្រីសន្ធរ​ ៨នាក់​ ដោយ​មាន​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​នាក់​ផង​នោះ​ អាជ្ញាធរបាន​សម្រេច​ធ្វើ​​ការ​បិទខ្ទប់​ភូមិ​ ដេីម្បី​ធ្វើ​ចត្តាឡីស័ក​​ ដោយ​មាន​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​មូលដ្ឋាន​​ ដាក់​បារ៉ាស​​យាម​ទាំង​ចុង​ភូមិ​ និង​ដេីម​ភូមិ​ ​មិន​អនុញ្ញាត​ឲ្យ​មានការ​ធ្វេី​ដំណើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ឬឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ ក្នុង​រយៈពេល​១៤ថ្ងៃ​ ​ប្រសិនជា​គ្មាន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ទេនោះ​ គឺត្រូវ​បេីក​ឲ្យ​ធ្វើ​ដំណើរ​ជាធម្មតា​​ឡើង​វិញ​មិនខាន​ ។
​ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាននេះដែរ ឯកឧត្តមអភិបាលខេត្ត​ បាន​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​​មួយ​ចំនួន​ ដោយតម្រូវ​ឲ្យ​អាជ្ញាធរ​រៀបចំ​ចង​ខ្សែ​ជា​សញ្ញា​ និងមាន​សរសេរ​អក្សរ​​ហាមឃាត់​​ ដាក់​កាត់​ទទឹង​មុខ​ផ្ទះ​​ ទាំង​សងខាង​ផ្លូវ​ក្នុង​ភូមិ​ ឲ្យ​បាន​គ្រប់ៗ​ផ្ទះ​ ចំពោះ​យានយន្ត​គ្រប់​ប្រភេទ​ត្រូវ​​អនុញ្ញាត​ឲ្យ​ធ្វេី​ដំណើរ​ឆ្លងកាត់​ ប៉ុន្តែ​មិន​ត្រូវអនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ ឬចូល​ទៅក្នុង​ភូមិនោះ​ទេ​ ដោយឡែក​តម្រូវ​ការ​ម្ហូបអាហារ​ប្រចាំថ្ងៃ​​ អាជ្ញាធរ​អាច​ប្រើប្រាស់​វិធី​២យ៉ាង​ គឺទី១-ត្រូវ​​បង្កើត​ឲ្យ​មាន​កន្លែង​សម្រាប់លក់ដូរ​ត្រីសាច់បន្លែ​​​នៅ​ក្បែរៗទី​នោះ​ ហើយ​​អនុញ្ញាត​ឲ្យ​មនុស្ស​​តែ​ម្នាក់ទេ​ក្នុង​១គ្រួសារ​ សម្រាប់​ចេញ​មក​ទិញ​ស្បៀង​អាហារ​ និង​ក្នុង​១សប្តាហ៍​ អនុញ្ញាត​ឲ្យ​បានយ៉ាង​ច្រើន​៣ដង​ប៉ុណ្ណោះ​ ​ដោយ​អាជ្ញាធរ​ត្រូវ​ចេញ​កាត​សម្គាល់​ឲ្យ​ជា​បន្ទាន់​សម្រាប់​ប្រេីប្រាស់​ ។ ទី២-ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​លក់ដូរ​ចល័ត​ តាម​រម៉ក​ម៉ូតូ​ ឬ​យានជំនិះ​អ្វី​ផ្សេង​ ចូល​ទៅ​ក្នុង​ភូមិ​ ប៉ុន្តែ​ត្រូវ​​ណែនាំ​​​ឲ្យ​អ្នក​លក់ដូរ​ទាំងអស់​ ត្រូវ​ពាក់ម៉ាស​ ពាក់​របាំងមុខ​ការពារ​ និង​ប្រេីប្រាស់​ស្រោមដៃ​ ព្រមទាំង​ប្រេីប្រាស់​ទឹក​អាកុល​សម្រាប់​លាង​សម្អាត​ជាប្រចាំ​ផងដែរ​ ។

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​​ ត្រូវ​ពិនិត្យ​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​បំផុត​​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ដំណើរមកពី​តំបន់​ប្រឈម​ ដែល​មាន​ដូចជា​ ​រាជធានី​ភ្នំពេញ​ តាខ្មៅ​ ប៉ោយប៉ែត​​ និង​កំពង់សោម​ជាដើម​ គឺ​ត្រូវ​ប្រេីប្រាស់​ឧបករណ៍​ពិសេស​ ​ពិនិត្យ​តាមដាន​​រោគសញ្ញា​វិជ្ជមាន​​​ជា​បន្ទាន់​​ ហើយ​​ត្រូវ​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ ដែល​មក​ពី​តំបន់​មិន​មាន​ការ​ប្រឈមទេនោះ​ គឺ​ត្រូវ​អនុវត្ត​ធ្វើ​​ចត្តាឡីស័ក​ដូចគ្នា​ ប៉ុន្តែ​ត្រូវ​អនុញ្ញាត​ឲ្យ​គាត់​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​រៀងៗខ្លួន​វិញ​។ ចំពោះ​អ្នក​ដែលបំពាន​វិធានការ​សុខាភិបាល​ នឹង​ត្រូវ​អនុវត្ត​តាម​នីតិវិធី​​​ច្បាប់​ជាធរមាន​ផងដែរ​ ៕