ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ចុះពិនិត្យស្ថានភាពបិទខ្ទប់ឃុំ​ និងមណ្ឌលចត្តាឡីស័ក​ ក្នុងស្រុកកងមាស​ បន្ទាប់ពីរកឃេីញវិជ្ជមានកូវីដ-១៩​ លេីកម្មករ កម្មការិនី​រោងចក្រ​

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ នារសៀល​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០២១​ បានអញ្ជើញចុះពិនិត្យ​ភូមិសាស្ត្រ​បិទខ្ទប់ភូមិ ឃុំ បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ-១៩ លេីកម្មករ កម្មការិនី ចំនួន២៤នាក់ រស់នៅស្រុកកងមាស ទៅធ្វើការរោងចក្រ(ស៊ិកផ្លើស) ស្រុកមុខកំពូល និងរោងចក្រ (៧អិនជី) ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល  ព្រមទាំង​ពិនិត្យ​មណ្ឌលចត្តាឡីស័ករដ្ឋបាលស្រុកកងមាស ដេីម្បី​ត្រៀមលក្ខណៈសម្រាប់ទទួលប្រជាពលរដ្ឋដែល​ពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ​ ត្រូវបន្តការគ្រប់គ្រងអ្នកប៉ះពាល់នឹងករណីនេះ​ ដោយអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ត្រូវដាក់​ឲ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កស្រុក និងអ្នកប៉ះពាល់ដោយប្រយោល ត្រូវដាក់​ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។​ និងបន្តការពង្រឹង គ្រប់គ្រងភូមិសាស្ត្រដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ សំដៅធ្វើយ៉ាងណាទប់ស្កាត់ការចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់នោះឡេីយ​។​ 

​ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ណែនាំ​ឲ្យ​មានការ​រៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល និងបន្តផ្សព្វផ្សាយ សារអប់រំ ឲ្យ​បានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្រតបិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។​ ទន្ទឹមនោះ​រដ្ឋបាលស្រុក ត្រូវបន្តរៀបចំ និងពង្រីកបន្ថែមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកបន្ថែមពីអ្វីដែលបានរៀបចំកន្លងមក ដើម្បីត្រៀមលក្ខណៈក្នុងករណីផ្ទុះរីករាលនៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន​របស់​ខ្លួន​ផងដែរ​ ៕