មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តយកអំណោយឯកឧត្ដមបណ្ឌិតហ៊ុន ម៉ាណែតឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពលំបាកខ្វះខាត8 គ្រួសារ

0

កំពង់ធំ៖ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តនាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវពេជ្រច័ន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន 8 គ្រួសារ ដែលរស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី 30 ខែមេសាឆ្នាំ 2021។

ពិធីផ្តល់អំណោយនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានការសំណូមពរ របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការឆ្លងរាលដាលមេរោគកូវីត19 ដែលបច្ចុប្បន្នពួកគាត់កំពុងតែមានជីវភាពលំបាកខ្វះខាត ស្បៀងអាហារសម្រាប់ហូបចុកប្រចាំថ្ងៃ  និងត្រូវបានជួយឧបត្ថម្ភ ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន 25 គីឡូក្រាម មីចំនួនមួយកេស ទឹកត្រីមួយយួរ ទឹកសុទ្ធមួយយួរ និងត្រីខកំប៉ុងមួយយួរផងដែរ ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍ថ្មីនៃការឆ្លងរីករាលដាល មេរោគកូវីត19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20 កុម្ភ: ដែលកំពុងតែមានសភាពធ្ងន់ធ្ងរ ដែលមានមនុស្សឆ្លង ក្នុងមួយថ្ងៃមួយថ្ងៃរាប់រយនាក់ នៅទីក្រុងភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ហើយបច្ចុប្បន្នមានអ្នកដែលបានទទួលមរណភាពដោយសារជំងឺកូវីត19 នេះមានចំនួនជាង 90 នាក់រួចមកហើយ ។

ក្នុងនោះក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ19 ចូលដល់ខ្លួនយើង គ្រួសារយើង និងសហគមន៍យើង  ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ 3 កុំ និង 3 ការពាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ។

ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមុន្នី ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានជួយយកចិត្តទុកដាក់ដោះស្រាយដល់ការលំបាកខ្វះខាតដែលគាត់កំពុងតែជួបប្រទះនៅពេលនេះ ។

ដោយ ប៊ុន រដ្ឋា