នាយឧត្តមសេនីយ៍ អ៊ី ឈាន អំពាវនាវដល់ពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវតែចូលរួមអនុវត្តវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងពាក់ម៉ាសជាប់ជាប្រចាំ និងរក្សាគម្លាត

0

(ប៉ៃលិន)៖ ក្នុងឪកាសអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខអាជីវករ នៅផ្សារសាមគ្គី ក្រុងប៉ៃលិន នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រ សួងកាពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន ដោយមានការព្រួយបារម្ភពីបញ្ហាឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ខេត្តប៉ៃលិន បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ត្រូវតែចូលរួមការពារ ដោយអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
ក្នុងការចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនេះដែរ ឯកឧត្ដម អ៊ី ឈាន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅជុំវិញផ្សារ ជាពិសេសអាជីវករ ដែលលក់ដូរនៅតាមតូបក្នុងផ្សារទាំងអស់ ត្រូវចូលរួមពាក់ម៉ាសជាប់ជាប្រចាំ រក្សាគម្លាត លាងដៃនឹងទឹកអាល់កុល ឬជែល ព្រោះទីផ្សារមានមនុស្សច្រើនដូចនេះ យើងត្រូវតែចូលរួមការពារទាំងអស់គ្នា ដោយអនុវត្តតាមវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលកំពុងតែឆ្លងរីករាលដាលនៅតាម បណ្តាខេត្តនានា និងរាជធានីភ្នំពេញជាដើម ។
ជាមួយគ្នានោះដែរ ក្នុងនាមឯកឧត្ដម ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ក៏មានសំណូមពរដល់ក្រុមការងារថ្នាក់មូលដ្ឋាន ពិសេសមន្រ្តីនៅតាមភូមិទាំងអស់ក្នុងខេត្ត ត្រូវចុះមើលប្រជាពលរដ្ឋ បើមានការខ្វះខាតស្បៀងអាហារ សូមរាយការណ៍ជាបន្ទាន់ ព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល មិនឲ្យពលរដ្ឋណាម្នាក់ ដាច់ស្បៀងដោយមិនបានដឹងនោះឡើយ ។
ម្យ៉ាងវិញទៀត បើមានអ្នកចំណូលថ្មី មកពីខេត្តផ្សេងៗ ដែលកំពុងប្រឈមនឹងការកើតជំងឺកូវីដ១៩នេះ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាម ដើម្បីសួរនាំ និងចាត់ចែងយកគាត់ទៅធ្វើចត្តាឡីស័ក ព្រោះបើគាត់មកពីតំបន់មានហានីភ័យ ហើយយើងធ្វើដូចនេះ ដើម្បីការពារកុំឱ្យមេរោគកូវីដ១៩ចូលក្នុងសហគមន៍ ។ ក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩នេះ យើងអាចនឹងឆ្លងផុតពីគ្រោះចង្រៃ គឺផ្ដើមចេញពីប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះមេរោគមួយនេះ យើងមើលមិនឃើញនោះឡើយ ពោលគឺត្រូវការពារប្រសើរជាងព្យាបាល ។
ឯកឧត្តម ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តប៉ៃលិន ដែលបានយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះ មិនឱ្យមានការឆ្លងចូលក្នុងខេត្តប៉ៃលិន ដោយដាក់កម្លាំងការ ពារយាមល្បាតនៅតាមចំណុចគោលដៅបានល្អ ថែមទាំងត្រួតពិនិត្យតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ ៕ដោយ សេង សុវណ្ណារិទ្ធ