ទំនាស់ពាក្យសម្តីឈានដល់ដុតប្រពន្ធរួចបានបីថ្ងៃត្រូវកម្លាំងព្រហ្មទណ្ឌខេត្តឃាត់ខ្លួនបញ្ជូនទៅតុលាការ

សៀមរាប៖ កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តសៀមរាប និងនគរបាលស្រុកស្វាយលើ បានបំបែកសំណុំរឿងមនុស្សឃាតមួយករណី តាមពិតគឺជាប្តីរបស់ស្ត្រីរងគ្រោះសោះ ហើយដោយសារតែទំនាស់ពាក្យសម្តីប៉ុណ្ណោះ។ហេតុការណ៍ឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១និង០០នាទី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ លំនៅស្ថានជនសង្ស័យ ស្ថិតក្នុងភូមិខ្នារក្រៅ(ត្រពាំងត្បាល់ )ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ថា កម្លាំងនគរបាលជំនាញព្រហ្មខេត្តសៀមរាប និងនគរបាលស្រុកស្វាយលើ បានសហការគ្នាស្រាវជ្រាវរយៈពេល៣ថ្ងៃ ទើបបំបែកសំណុំរឿងនេះបាន ដោយជោគជ័យ។លោកបន្តថា កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ អេង អឿន ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប(ត្រូវជាប្ដី) ដែលពាក់ពន្ធ័ករណី ឃាតកម្មប្រព្រឹត្ត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះរបស់ខ្លួន ទៅលើជនរងគ្រោះឈ្មោះ លី កុលាប (ត្រូវជាប្រពន្ធ)អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។លោកបន្ថែមថា នៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី៣០ មេសា ឆ្នាំ២០២១ ជនសង្សយ័ អេង អឿន ភេទប្រុស អាយុ ៥២ឆ្នាំ បានមករាយការណ៍ប្រាប់សម្ថកិច្ចប៉ុស្តិ៍នគរបាលថា ខ្លួនបាត់ប្រពន្ធកាលពីថ្ងៃទី២៧ មិនដឹងទៅណាមូលហេតុពួកគាត់ឈ្លោះពាក្យសម្តីគ្នា។ ក្រោយទទួលព័ត៌មាន ប៉ុស្តិ៍នគរបាលរដ្ឋបាល បានសហការជាមួយនឹងប្រជាការពារភូមិនិងប្រជាពលរដ្ឋ ជួយរកឈ្មោះ លី កូលាប ដែលបានបាត់ខ្លួន។នៅវេលាម៉ោង១០និង៣០នាទីថ្ងៃដដែលប្រជាការពារភូមិបានរុករកនៅដីចំការរបស់ជនសង្ស័យស្ថិតនៅខាងក្រោយវិហារព្រះយេស៊ូ ភូមិត្រពាំងពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ក៏បានឃើញ សាកសពមនុស្សត្រូវបានភ្លើងឆេះសល់តែឆ្អឹង ក្នុងព្រៃល្បាស់ចំណុចខាងលើ។ ដោយហេតុនេះកម្លាំងជំនាញនៃអធិការដ្ឋានសហការជាមួយប៉ុស្តិ៍រដ្ឋបាលកន្ទួតនិងប៉ុស្តិ៍រដ្ឋបាលតាសៀម ចុះដល់កន្លែងសាកសព ដែលត្រូវភ្លើងឆេះដើម្បីស្រាវជ្រាវនិងប្រមូលព័ត៌មាន ក្រោយពីមានការឆ្លងយោបល់ ពីការិយាលយ័ព្រហ្មទណ្ឌកំរិតធ្ងន់។ក្រោយមកឈ្មោះ អេង អឿន ជាជនសង្ស័យខាងលើ នាំខ្លួនមកសាកសួរ នៅអធិការដ្ឋានរូបគេបានសារភាពថា ពិតជាបានសម្លាប់ប្រពន្ធខ្លួនពិតប្រាកដមែន ដោយមូលហេតុឈានដល់ការសម្លាប់នោះគាត់មានជម្លោះអំពើហិង្សាក្នុងគ្រូសារយូរមកហើយ ដោយគាត់អង្វរប្រពន្ធ មិនឲ្យលេងល្បែង បែរជាប្រពន្ធនិយាយថា ស៊ូលែងលះប្តីឲ្យតែបានលេងល្បែង ហើយនៅថ្ងៃទី២៧ ខែមេសា ពួកគាត់បានឈ្លោះគ្នា អំពីរឿងប្រពន្ធរកលក់ដី តែគាត់មិនឲ្យលក់ព្រោះខ្លាចយកប្រាក់ទៅលេងល្បែង ក៏ឈ្លោះប្រកែកគ្នាខ្លាំង ប្រពន្ធបានយកដំបងឈើមកវាយគាត់ ហើយគាត់ចាប់ច្រានផ្ដូលហើយយកដៃសង្កត់ក មុនដំបូងសង្កត់តែដៃម្ខាងទេ ដោយប្រពន្ធរើបំរាស់រកវាយគាត់ទៀត គាត់ក៏សង្កត់ច្របាច់ក ដោយដៃទាំងពីរផ្ងាពោះ រហូតដល់ដាច់ខ្យល់ស្លាប់។ពេលស្លាប់ហើយគាត់បានអូសសពទៅដាក់ក្បែរទ្រុងជ្រូក ហើយគ្របកៅស៊ូតង់ពណ៌ខៀវពីលើ មិនឲ្យអ្នកណាដឹង គាត់ទុកសាកសពចំនួនពីរយប់ គឺយប់ថ្ងៃទី២៧និង២៨មេសាឆ្នាំ២០២១ លុះដល់វេលាម៉ោង០៤និង០០នាទី ទៀបភ្លឺថ្ងៃទី២៩ខែមេសា គាត់ដឹកសាកសពនិងគោយន្តកន្រ្តៃ យកទៅដុតចោលនៅចំណុចខាងលើដោយមានគំនរអុសនិងប្រេងម៉ាស៊ូត ពេលដុតរួចគាត់ត្រឡប់មកផ្ទះវិញ មិនប្រាប់អ្នកណាឡើយ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕