មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកឆែបម្នាក់ ត្រូវបានផ្អាកពីការងារជាបណ្តោះអាសន្ន ក្រោយពីយកកាំភ្លើងបាញ់សត្វគោអ្នកស្រុកងាប់ចំនួន ២ក្បាល!

0

ព្រះវិហារ៖ មន្ត្រីនគរបាលពាក់ស័ក្តិ១ម្នាក់ ដែលបម្រើការងារនៅក្នុងអធិការដ្ឋាននគរបាលស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានមេអង្គភាពផ្អាកពីការងារជាបណ្តាអាសន្ន ក្រោយពីមន្ត្រីនគរបាលរូបនោះ យកកាំភ្លើងAK.47 បាញ់ទៅលើហ្វូងសត្វគោ របស់អ្នកស្រុកងាប់អស់ចំនួន ២ក្បាល នៅក្នុងដីស្រែ របស់ខ្លួន កាលពីវេលាម៉ោង១២ជាង ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ចុងសប្តាហ៍កន្លងទៅ ស្ថិតនៅភូមិឆែបលិច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។

លោកវរៈសេនីយ៍ឯក ឈូន ម៉ាឌី អធិការដ្ឋាននគរបាលស្រុកឆែប បានអោយដឹងថា បើតាមការផ្តល់ចំឡើយរបស់លោក អនុសេនីយ៍ទោ អៀគា វាសនា ជាមន្ត្រីនគរបាលម្នាក់ មានតួនាទីនាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆែប ដែលយកកាំភ្លើងបាញ់សត្វគោអ្នកស្រុកបណ្តាលឲ្យងាប់ចំនួន ២ក្បាលនោះ មកពីខ្លួនគាត់ខឹងខ្លាំងពេក ទប់មិនបាន ដោយសារស្តាយដំណាំ ព្រោះសត្វគោទាំងនេះបានចូលជាន់ស្រូវពង្រួស របស់គាត់រៀងរាល់ថ្ងៃ ហើយកន្លងមកគាត់បានទៅជម្រាបដល់ម្ចាស់គោជាច្រើនលើកច្រើនសារហើយដែរ។ មិនតែប៉ុណ្ណុះគាត់ក៏ធ្លាប់បានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យធ្វើការផ្សព្វផ្សាយ ជាដំណឹងដល់ម្ចាស់គោផងដែរថា គេដាំដំណាំក៏ចង់បានផលដែរ តែការជូនដំណឹងនេះមិនមានប្រសិទ្ធភាពទាន់តែសោះ ព្រោះម្ចាស់គោនៅតែមិនស្តាប់ប្រលែងគោមកសុីដំណាំជាបន្តបន្ទាប់ដ៏ដែលៗ។

ដោយឡែកប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ជាធម្មតាគោរបស់អ្នកស្រុកក្នុងរដូវនេះ គឺព្រលែងទាំងអស់គ្នា លុះពេលល្ងាចបានម្ចាស់គោស្វែងរកចាប់គោរៀងៗ ខ្លួនមកចងនៅឯផ្ទះ។ ក្រោយហេតុការណ៍កើតឡើង ក៏មានការសម្របសម្រួលគ្នាផងដែរ ដោយម្ចាស់គោឈ្មោះផេង ផល ភេទប្រុស អាយុ៣៣ឆ្នាំ និងមានប្រពន្ធឈ្មោះ រឹម សៀក ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ សូមបញ្ចប់រឿង នូវត្រឹមទឹកលុយចំនួន ៥លានរៀល ប៉ុន្តែចុងក្រោយម្ចាស់គោ គាត់មិនទទួលយកវិញនូវទឹកលុយចំនួន៥លានរៀលនោះទេ ដោយសារគាត់ខឹងមន្ត្រីនគរបាលដៃដល់សុំចុះនៅត្រឹម៤លាន៥សែនរៀល។

ទាក់ទងនឹងករណីនេះ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានចេញសេចក្ដីសម្រេចផ្អាកការងារមន្ដ្រីនគរបាលរូបនេះ ជាបណ្ដោះអាសន្ន ដោយតម្រូវឲ្យទៅបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរង់ចាំសេចក្ដីសម្រេចថ្មី៕សួនលីណា