មន្ទីពេទ្យមេគង្គកំពង់ចាម បានកែលម្អរួចរាល់ជាស្ថារព ១០០% ហើយ រង់ចាំតែថ្ងៃបើកឲ្យដំណើរការ ព្យាបាល អ្នក វិជ្ជមាន កូវីដ -១៩

0

កំពង់ចាម៖ គម្រោងជួសជុលកែលម្អ មន្ទីពេទ្យមេគង្គកំពង់ចាម សម្រចការងារបាន ១០០% ហើយ ពោលគឺ រង់ចាំការបើកឲ្យដំណើរការ ប៉ុណ្ណោះ ។ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ នៅតែបន្តការជម្រុញឲ្យពន្លឿនការ ការងារដែលនៅសេសសល់ ខណៈដែល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ ។ គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសដែល ឯកឧត្ដម រួមដំណើរជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ ឯកឧត្ដមលោកជំទាវ ជាអភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យវឌ្ឍនភាព នៃដំណើរការជួសជុលមន្ទីរពេទ្យ មេគង្គកំពង់ចាម សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ ។
សូមរំលឹកថា ខណៈដែលចំនួនអ្នកវិជ្ជមានកូវីដ-១៩ បន្តកើនឡើងជាលំដាប់ ដោយរាប់ចាប់តាំង ពីថ្ងៃ ២០-កុម្ភៈ នៃព្រឹត្តិការណ៍សហគមន៍ មកនោះ ការឆ្លងរីករាលដាល នៃជម្ងឺដ៏កាចសាហាវនេះ នៅមិនទាន់ថមថយនៅឡើយ ។ យ៉ាងណាម៉ិញ ដោយការរំពៃទុកមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម រៀបចំកែលម្អមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ដែលអតីតសណ្ឋាគារមេគង្គ ប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ទទួលព្យាបាលអ្នកជម្ងឺកូវីដ ១៩ ដែលមានគ្រែប្រមាណជា ៣៨០គ្រែ ។
ទន្ទឹមនឹងនោះ ដើម្បី ឆ្លើយតបទៅនឹងស្ថានការនេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ រួមជាមួយនឹងអ្នកពាក់ព័ន្ធ បានយកចិត្តទុកដាក់ ក្នុងការពន្លឿន ដល់ការជួសជុលមន្ទីពេទ្យមេគង្គកំពង់ចាម ឲ្យបានឆាប់រួចរាល់ជាស្ថាពរ ដើម្បី ត្រៀមដាក់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ នៅក្នុងខេត្តកំពង់ចាមផង និងមកពីខេត្តត្បូងឃ្មុំ ផង ។
បើតាមការអះអាង ពីអ្នកទទួលការគម្រោង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការងារជួសជុល មន្ទីពេទ្យ ខាងលើនេះ សម្រចការងារបាន ១០០% ហើយ ពោលគឺ នៅសេសេសល់ តែការងារសម្អាតតិចតួច ប៉ុណ្ណោះ ។ ដោយឡែក ក្រៅពីការជួសជុលគម្រោងនេះ ជំនាញក៏បានបំពាក់នូវសម្ភារៈផ្សេងៗ ដូចជា គ្រែសម្រាប់អ្នកជម្ងឺ ជាដើម បានស្ទើររួចរាល់ទាំងស្រុង ផងដែរ ។
គូសបញ្ជាក់ថា គិតត្រឹមថ្ងៃ ទី៣ ខែឧសភា ម្សិលមិញ នេះ ក្រសួងសុខាភិបាល បានជូនដំណឹង អំពីការរកឃើញអ្នកវិជ្ជមាន ជម្ងឺកូវីដ-១៩ ថ្មី ដែលជាប្រជាពលរដ្ឋ រស់នៅក្នុងស្រុកមួយចំនួន នៃខេត្តកំពង់ចាម ចំនួន ២១នាក់ ។ បច្ចុប្បន្ន អ្នកវិជ្ជមានកូវីដ-១៩ កំពុងដាក់ព្យាបាល នៅមន្ទីរពេទ្យ ខេត្តកំពង់ចាម សរុបមានចំនួន ៨១នាក់ ។ ក្រៅពីនោះ ក៏បានរកឃើញអ្នកប៉ះពាល់ ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ទៀត ហើយកំពុងដាក់ឲ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្តកំពង់ចាម ផងដែរ ៕