ឯកឧត្តម ជាម ច័ន្ទសោភ័ណ ចុះ សួរសុខទុក្ខ ពលរដ្ឋ កំពុង ធ្វើចត្តាឡីស័ក និងពិនិត្យ ស្ថានភាព បិទខ្ទប់ភូមិ ក្នុង ស្រុក ក្រូចឆ្មារ និង ស្រុក ត្បូងឃ្មុំ

0

ត្បូងឃ្មុំ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ និងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមខេត្ត បានដាក់ចេញនូវបទបញ្ជាដាច់ខាត អ្នកចំណូលថ្មី ត្រូវធ្វេីចត្តាឡីស័ក១៤ថ្ងៃ, ចំពោះអ្នកកំពុងធ្វើចត្តាឡីស័ក អ្នកកំពុងសង្ស័យ និងអ្នក វិជ្ជមាន កូវីដ-១៩ ត្រូវអនុវត្តន៍តាមវិធានសុខាភិបាល ជាពិសេសមិនអនុញ្ញាតឱ្យមានការចេញ-ចូល នៅក្នុងភូមិដែលបិទខ្ទប់ទាំងអស់ក្នុងខេត្ត ដើម្បីកាត់ផ្ដាច់ខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ខេត្តត្បូងឃ្មុំ ខណៈបានរកឃើញអ្នកវិជ្ជមានជំងឺ ដ៏ កាច សាហាវ នេះ ជាបន្តបន្ទាប់ទាំងនៅក្នុងខេត្ត និងអ្នកដំណើរមកពីខេត្តដទៃ ដែលសុទ្ធសឹងឆ្លងបន្តពីព្រឹត្តិការណ៍សហគន៍ ២០កុម្ភៈ។

ការដាក់ចេញនូវបទបញ្ជាធ្ងន់ៗបែបនេះរបស់ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានធ្វើឡើង កាលពី ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២១ ក្នុងឱកាស ដឹកនាំក្រុមការងារសាខាកាបាទក្រហមខេត្ត ចុះ សួរសុខទុក្ខ ប្រជា ពលរដ្ឋកំពុងធ្វើចត្តាឡីស័ក ក្នុងស្រុកក្រូចឆ្មារ ដោយផ្តល់ថវិការក្នុងម្នាក់ ២០,០០០រៀល និងត្រួតពិនិត្យកងកំលាំងទីតាំងបិទខ្ទប់ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ និងស្រុកត្បូងឃ្មុំ សរុប ១៣០នាក់ ដោយឧបត្ថម្ភផ្តល់ជូន មី៣០កេស ត្រីខ៤កេសធំ ទឹកសុទ្ធ៤០កេស អាកុលនិងម៉ាស ១៣០កញ្ចប់ និងថវិការក្នុងម្នាក់ ២០,០០០រៀលផងដែរ។

ក្នុងឳកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជូនចំពោះបងប្អូនកំពុងធ្វើចត្តាឡីស័ក និងកងកម្លាំងទាំងអស់ ដែលតែងតែព្រួយបារម្ភ និងគិតគូរពីសុខទុកបងប្អូនគ្រប់ពេលវេលា។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានណែនាំឲ្យអាជ្ញាធរក្តាប់ឲ្យជាប់នូវរាល់ពលរដ្ឋដែលក្រីក្រ ដោយសារកូវីដ-១៩ និងជនងាយរងគ្រោះទាំងអស់ ដើម្បីផ្តល់ជូននូវស្បៀងអាហារ និងថវិការ ក្នុងការដោះស្រាយជីវភាពជាក់ស្តែង ដោយមិនទុកឲ្យនរណាម្នាក់ ស្លាប់ដោយសារអត់អាហារនោះឡើយ។

បន្ថែមពីនេះអាជ្ញាធរ មូលដ្ឋាន ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំ នូវកម្រិតការផាកពិន័យ និងទោសទណ្ឌ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្របិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លង រាតត្បាត ដ៏ កាច សាហាវ នេះ ផងដែរ ៕