រដ្ឋបាលខេត្តសម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះអាសន្ន ផ្សារចាស់ និងហាងថតរូប ល្អពេញចិត្ត នៅផ្លូវស៊ីវត្ថា ចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១

0

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៤នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៤នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ហឿល សុភាព ភេទប្រុស អាយុ៤០ឆ្នាំ មានអាសយដ្ឋាននៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកលក់ថង់ប្លាស្ទិច និងទំនិញ នៅតូបលេខ២០ ផ្សារចាស់ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងបានទៅថតចម្លងឯកសារនៅហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ផ្លូវស៊ីវត្ថា ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១។

ចំពោះករណីនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ការចេញ-ចូលជាបណ្ដោះ-អាសន្ន ក្នុងបរិវេណផ្សារចាស់ ដែលស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ និងហាងថតរូប ល្អពេញចិត្ត ខាងត្បូងស្តុបសុខា ស្ថិតនៅភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ និងធ្លាប់បានចេញ-ចូលផ្សារចាស់ចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ និងហាងថតរូបល្អពេញចិត្ត ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ៕