អភិបាលខេត្តបន្ទាយមានជ័យក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន រឹតបន្តឹងដាក់វិធានក្ដៅចំពោះ ការនាំមនុស្សចេញចូលឆ្លងកាត់ដោយខុសច្បាប់

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី បានក្រើនរំលឹកដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន រឹតបន្តឹងដាក់វិធានក្ដៅចពោះ ការនាំមនុស្សចេញចូលឆ្លងកាត់ដោយខុសច្បាប់ ដែលជាប្រភពៃការចម្លង់មេរោគ/ជម្ងឺ ១៩។
ថ្លែងបែបនេះ ក្នុង កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាថ្ងៃទី ៥ខែឧសភាឆ្នាំ ២០២១ នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានរបៀបវារៈសំខាន់ៗរួមមានៈ សេចក្ដីណែនាំ សេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល និងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលផ្ដោតសំខាន់លើការងារអនុវត្តទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ សម្រាប់ប្រទេសកម្ពុជាបច្ចុប្បន្ននេះ កំពុងប្រឈមនូវការរីករាលដាលកូវីត ១៩ មិនទាន់ធូរស្បើយនៅឡើយ ក្នុងនោះខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី ២២ខែមេសា ២០២១ នេះ បានផ្ទុះសហគមន៍ នៅក្រុងប៉ោយប៉ែត បើគិតត្រឹមថ្ងៃទី ៤ នេះមានវិជ្ជមានកូវីដ១៩ ចំនួន ៦១៦ នាក់។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ ពេលនេះគឺជាដំណាក់កាលត្រូវអនុវត្ត កាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជំងឺកូវី១៩ ក្នុងសហគមន៍។
ឯកឧត្តម អ៊ុ រាត្រីមានប្រសាសន៍បន្តថាៈ ដើម្បីធានារក្សាសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលការណ៍ និងវិធានការជាបន្តបន្ទាប់ក្នុងការបង្ការទប់ស្កាត់ និងបង្រ្កាបសកម្មភាព នាំមនុស្សឆ្លងកាត់ព្រំដែន ដោយខុសច្បាប់និងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់។ ទន្ទឹមនេះក្នុងបរិការណ៍ ក្នុងក្រុងប៉ោយប៉ែតកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ១៩ ដូចនេះតម្រូវឲ្យរដ្ឋបាលខេត្តបានរឹតត្បិត ការធ្វើដំណើរចេញចូលនឹងមានតំបន់ខ្លះ ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីត១៩។
ឯកឧត្តម អ៊ុ រាត្រី បានធ្វើការក្រើនរំលឹក ដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ត្រូវធ្វើការរឹតបន្តឹង នូវវិធានការលុបបំបាត់ ការនាំមនុស្សចេញចូលឆ្លងកាត់ដោយខុសច្បាប់។ រដ្ឋបាលខេត្តបានកត់សម្គាល់ឃើញថា ករណីនៃការនាំពលរដ្ឋកម្ពុជានិងជនបរទេស ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតែកើតមានជាបន្តបន្ទាប់ក្នុងនោះ ក៏មានករណីមួយចំនួនមានក្រុមមេក្លោងនិងមេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយមេក្លោង មេខ្យល់ខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយខុសច្បាប់ផងដែរ។ដោយឃិន គន្ធា