លោកជំទាវ បាន ស្រីមុំ ឆ្លៀតពេលសម្រាកពីការងារ ចុះសួរសុខទុក្ខមន្ត្រីថ្នាក់ក្រោម ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

(ប៉ៃលិន)៖ ដើម្បីផ្តល់កំលាំងចិត្ត ដែលបានបង្ហាញ ឲ្យឃើញពីការយកចិត្តទុកដាក់ ការទទួលខុសត្រូវចំពោះមន្ត្រីក្រោមឱវាទ ដូចពាក្យស្លោបានពោលថា ” នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ ” នារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ លោក កង ថេង មេឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានពាំនាំមកនូវបណ្តាំផ្ញើសាក សួរសុក្ខទុក្ខពីសំណាក់ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន ដែលជានិច្ចកាល ឯកឧត្តម តែងតែគិតគូរខ្វល់ខ្វាយ ពីសុខទុក្ខរបស់មន្ត្រីថ្នាក់ក្រោម ពិសេសនៅតាមមូលដ្ឋានផងដែរ ។ លោកជំទាវអភិបាលខេត្ត ក៍បានផ្ដាំផ្ញើរឲ្យលោក ចូលរួមថែរក្សាសុខភាព ឱ្យបានល្អ ពិសេសត្រូវគោរពនូវវិធានការ (៣ការពារ ៣កុំ) របស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងវិធាននានា របស់ក្រសួងសុខាភិបាល ដឹងពីកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមអោយបាន១.៥ទៅ២ម៉ែត្រ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ខេត្តប៉ៃលិន និងជូនពរ ឆាប់ជាសះស្បើយ ពីជំងឺ ដើម្បីត្រឡប់ទៅបំរើការងារនៅអង្គភាពវិញផងដែរ។
លោក កង ថេង មេឃុំស្ទឹងកាច់ បានសម្តែងនូវទឹកចិត្តរំភើប ចំពោះកាយវិការមនុស្សធម៌ របស់លោកជំទាវ បាន ស្រីមុំ និងឯកឧត្តម អ៊ី ឈាន ដែលតែងតែគិតគូរពីសុខទុក្ខ គ្រួសារ របស់លោក រួមទាំងជីវភាពរស់នៅ របស់មន្ត្រីក្រោមឱវាទគ្រប់រូប ធ្វើឲ្យមានមន្រ្តីក្រោមឳវាទទាំងអស់ មានទំនុកចិត្ត និងជឿជាក់លើថ្នាក់ដឹកនាំ និងស្មោះត្រង់គោរព និងអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដែលបានប្រគល់ជូនផងដែរ៕ដោយ សេង សុវណ្ណារិទ្ធ