ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាទុក្ខលំបាករបស់គណបក្សប្រជាជនកម្ពុជា ក្នុងវិបិត្តកូវីដ-១៩

(ប៉ៃលិន)៖ ក្នុងនាមលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត បានចាត់តាំងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ អមដំណើរដោយឯកឧត្តម ស្លេះ យូរ ប្រធានមន្ទីរសុខាភិបាលខេត្ត និងសហការី បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋចំនួន០៨ គ្រួសារ ដែលទទួលរងផលប៉ះពាល់ លើសេដ្ឋកិច្ចគ្រួសារ ក្នុងវិបិត្តកូវីដ-១៩ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នារសៀលថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី០៥ ខែ ឧសភា ឆ្នាំ២០២១ ។
ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាប្រធានក្រុមការងារចុះជួយឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានពាំនាំនូវបណ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ដែលជានិច្ចកាល ឯកឧត្តម លោកជំទាវ តែងតែគិតគូរខ្វល់ខ្វាយ ពីសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃ មិនអាចចេញទៅកើត ។ ក្នុងឪកាសនោះដែរឯកឧត្តមប្រធានក្រុមការងារ ចុះជួយឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ក៍បានបន្ត ផ្សព្វផ្សាយនូវវិធានការនានា របស់រដ្ឋបាលខេត្ត និងវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងវិធាននានារបស់ក្រសួងសុខាភិបាល ដោយណែនាំដល់ប្រជាពលរដ្ឋឱ្យយល់ដឹងពីកាតព្វកិច្ច ពាក់ម៉ាស លាងដៃជាមួយសាប៊ូ ឬជែល ទឹកអាល់កុល រក្សាគម្លាតសង្គមអោយបាន១.៥ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នៅក្នុងសហគមន៍ ។ លើសពីនេះ ឯកឧត្តមប្រធាន ក៍បានណែនាំអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលគ្រប់អាយុ ទៅចុះឈ្មោះបោះឆ្នោត សូមទៅចុះឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវចាំថា មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែជួយ ផ្តល់ស្បៀងអាហារ ដល់ប្រជាពលរដ្ឋ ដែលទទួលរងនូវការខ្វះខាត ។
សូមបញ្ជាក់ថា ៖ អំណោយដែលផ្តល់ជូនក្រុមគ្រួសារខ្វះខាតទាំង០៨គ្រួសារ រួមមាន ៖១.ភូមិ អន្លង់រក្សា ចំនួន ០៤ គ្រួសារ, ២.ភូមិ បាយសី ចំនួន ០១ គ្រួសារ, ៣.ភូមិ ភ្នំព្រាល ចំនួន ០១ គ្រួសារ, ៤.ភូមិ អូរដូនតាក្រោមចំនួន ០២ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ មី ទឹកត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ស្ករស អំបិល និងថវិកាមួយចំនួនផងដែរ ៕ដោយ សេង សុវណ្ណារិទ្ធ