អភិបាលខេត្តកំពង់ចាម​ នាំយកអំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ចែកជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ និង​ស្រុកកងមាស

កំពង់ចាម​:​ ក្នុងឱកាសនាំយកអំណោយសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ​ ដែលរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ខូចខាត​ផ្ទះ​សំបែង​ ចំនួន ៩០គ្រួសារ​ នៅស្រុកព្រៃឈរ​ និង​ស្រុក​កងមាស​ នាព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ បាន​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​យកអំណោយ​ ដែល​ទទួល​បាន​ក្នុងឱកាស​នេះ​ ទៅ​​ជួសជុល​កសាង​លំនៅឋាន​ឡើង​វិញ​ ហើយ​បន្ត​ប្រកប​មុខរបរ​ទទួលទាន​ និង​ធ្វើ​ការ​​​បង្កបង្កើនផលឲ្យ​ទាន់​រដូវ​វស្សា​នេះ​ផងដែរ​ ។ 

ឆ្លៀត​ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​កម្ពុជា​ខេត្ត​កំពង់ចាម​ បាន​​ផ្តាំផ្ញេី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​បង្កេីន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ នៅ​ពេល​មាន​​ភ្លៀង​ ​ខ្យល់​ ផ្គរ​ រន្ទះ​ ព្រោះកត្តា​​ធម្មជាតិ​ទាំងនេះវា​អាច​បង្ក​គ្រោះថ្នាក់​បាន​គ្រប់​ពេលវេលា​ ចំពោះ​អាយុជីវិត​មនុស្ស​ និង​សត្វ​ ឬ​ទ្រព្យសម្បត្តិ​ផ្សេងៗ​ ជាពិសេស​កូនចៅ​តូចៗ​ កុំ​ឲ្យ​ចេញនៅ​ក្រៅផ្ទះ​ ឬ​នៅ​ទីវាល​ ។ 

ជាមួយគ្នា​នោះ​ ឯកឧត្តម​​ប្រធានគណៈកម្មាធិការសាខា​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​​អនុវត្ត​តាម​វិធានការ​ ៣ការពារ​ ៣កុំ​ និង២ចូលរួម​ ជាពិសេស​ ត្រូវអនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩​ ដែល​បាន​និងកំពុង​យាយី​ដល់​អាយុ​អាយុជីវិត​មនុស្ស​គ្រប់​ស្រទាប់​វណ្ណៈ​ ។ 

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​ត្រូវ​ផ្តល់ជូនប្រជាពលរដ្ឋ ចំនួន ៩០គ្រួសារ នៅទីតាំង២ផ្សេងគ្នា ក្នុងនោះ​ ១០គ្រួសារ នៅក្នុង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និង ៨០គ្រួសារទៀត មកពីឃុំទាំង៦ ក្នុងស្រុកកងមាស ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ បណ្តាល​ឲ្យ​ប៉ើង និងរបើកដំបូលផ្ទះកាលពីល្ងាច ថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២១​ ដោយ​​មាន​អង្ករ​ មី​ ទឹក​ត្រី​ ស៊ីអ៊ីវ​ ត្រីខ​ មុង​ ភួយ​ សារុង​ ក្រមា​ អាវ​ និង​ថវិកា​មួយ​ចំនួនទៅ​​តាម​ទំហំ​នៃ​ការ​ខូចខាត​ ដែល​មាន​កំរិត​ធ្ងន់​ និង​ស្រាល​​ ផងដែរ​ ៕