អាជ្ញាធរជាតិអប្សរា ពង្រឹងវិធានការសុខាភិបាលសម្រាប់ភ្ញៀវទេសចរចូលទស្សនាតាមប្រាសាទនានាក្នុងតំបន់អង្គរ

សៀមរាប៖ មន្ត្រីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ពួកគេបានត្រៀមខ្លួនជានិច្ចនៅក្នុងការអនុវត្តវិធានសុខាភិបាល ដែលវិធាននេះ ចាំបាច់បំផុតក្នុងការធ្វើអ្នកទេសចរមានអារម្មណ៍ថា ការមកទស្សនាក្នុងតំបន់អង្គរ មានសុវត្ថិភាព មិនបារម្ភពីការឆ្លងមេរោគកូវីដ១៩។

លោក ព្រឿង សុខា ដែលជាអ្នកគ្រប់គ្រងសណ្តាប់ធ្នាប់ទូទៅ នៅតំបន់ប្រាសាទអង្គរវត្ត បានឲ្យដឹងនៅថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២១នេះថា ការចូលមកទស្សនានៅក្នុងប្រាសាទអង្គរ របស់ អ្នកទេសចរ ត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត ។ លោកថា ចាប់តាំងពីចំណតរថយន្តរហូតដល់ផ្លូវចូល មន្ត្រីដែលមានតួនាទីប្រចាំការ បានណែនាំដល់ភ្ញៀវទេសចរឲ្យគាត់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ដូចជាការពាក់ម៉ាស់ ការរក្សាគម្លាត ជាដើម។

អះអាងស្រដៀងគ្នានេះដែរ លោក ភឿង សោភណ្ឌ ប្រធានគ្រប់គ្រងអ្នកទេសចរប្រចាំប្រាសាទអង្គរ បានឲ្យដឹងថា នៅច្រកចូលប្រាសាទអង្គរ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានបំពាក់នូវឧបករណ៍វាស់កម្តៅ អាកុល និងម៉ាស់ ដែលនេះគឺជាការគិតគូរដល់សុវត្ថិភាពអ្នកចូលមកកម្សាន្តនៅតាមប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។

រមណីយដ្ឋានអង្គរ បានចាប់ផ្តើមបើកទទួលអ្នកទេសចរឲ្យចូលមកទស្សនាឡើងវិញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ ។ ការបើកឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីរមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ក៏ដូចជារមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស ត្រូវបានរាជរដ្ឋាភិបាល សម្រេចបិទអស់មួយរយៈពេល ដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ៕