ពលរដ្ឋ​ជាង​៧០០គ្រួសារ​ នៅតំបន់បិទខ្ទប់​ ក្នុងស្រុកកងមាស​ ទទួលបានអំណោយពីសម្តេចតេជោ​ ហ៊ុន​ សែន​

កំពង់ចាម​:​ ក្នុង​ឱកាស​នាំយកអំណោយរបស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន​  សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ ចែកជូនប្រជាពលរដ្ឋ​ ចំនួន​៧៣០គ្រួសារ​ ដែល​រស់នៅតំបន់​បិទខ្ទប់​ ក្នុង​ភូមិសាស្ត្រ​ស្រុក​កងមាស​ នាព្រឹក​ថ្ងៃ​ទី​៧​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ជា​ប្រធាន​គណកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​អំពាវនាវ​ដល់បងប្អូនប្រជាពលរដ្ឋ​ ឲ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់​ ក្នុងការប្រាស្រ័យទាក់ទងគ្នា​ ជាពិសេស​ត្រូវ​អនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩​ ដេីម្បី​ឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍២០​កុម្ភៈ​ ។ 

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្តម អ៊ុន​ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យ​បន្តចូលរួម​ជាមួយអាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​អនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាការអនុវត្ត​តាម​សេចក្តី​ណែនាំ​របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការ​អនុវត្ត​វិធានការ​ ៣ការពារ ៣កុំ ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ពីសហគមន៍មួយទៅសហគមន៍មួយ​។ 

ជាមួយគ្នា​នោះ​ ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​ណែនាំ​ដល់​ អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដាន លេីការគ្រប់គ្រងពលរដ្ឋចំណូលស្រុក ករណីមកពីតំបន់ហានិភ័យខ្ពស់ ត្រូវនាំទៅយកសំណាក់ពិនិត្យ និងដាក់​ឲ្យ​ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ចំណែក​បងប្អូន​ប្រជាពលរដ្ឋដែលមកពីតំបន់ដែលមានហានិភ័យទាប ត្រូវយកសំណាក​ពិនិត្យ​ និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួនផងដែរ​ ។ 

គួរ​បញ្ជាក់​ថា​ អំណោយ​របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋដែលជួបការលំបាក ក្នុងតំបន់បិទខ្ទប់ ក្នុងស្រុកកងមាស ចំនួន ៧៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួល​បានអង្ករ ២៥គក្រ មី១កេស ត្រីខ ១០កំប៉ុង។ ប្រគេនវត្តជួបការលំបាក ក្នុងស្រុកកងមាសចំនួន ៩វត្ត ក្នុង១វត្ត ប្រគេនអង្ករ ១០០គីឡូ មី៥កេស ត្រីខ ៥យួរ និងបច្ច័យ ២០០.០០០រៀល​ ផងដែរ​ ៕