ឧត្តមសេនីយ៍ទោសោម ស៊ុនប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅលើដីសម្បទានសង្គមកិច្ច

ខេត្តកំពង់ធំ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានត្រួតពិនិត្យសកម្មភាពសាងសង់ ផ្ទះជូនអតីតយុទ្ធជនលើដីសម្បទានសង្គមកិច្ច ដែលមានជីវភាពលំបាកខ្វះខាត គ្មានដី គ្មានផ្ទះ ឬមានជម្រកស្នាក់នៅមិនសមរម្យ នៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី 8 ខែឧសភាឆ្នាំ 2021 ។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានឲ្យដឹងថា សកម្មភាពសាងសង់នេះកំពុងដំណើរការនៅលើដីសម្បទានសង្គមកិច្ចសម្រាប់ផ្ដល់ជូនអតីតយុទ្ធជន មានចំនួន 156 ខ្នងផ្ទះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បច្ចុប្បន្នបានដំណើរការសាងសង់បានចំនួន 52 ខ្នងផ្ទះរួចហើយ ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបញ្ជាក់ថា ផ្ទះដែលបានសាងសង់ មានទំហំ 5 ម៉ែត្រ គុណនឹង7 ម៉ែត្រ មានតសំយ៉ាបផ្ទះទៅខាងក្រោយផ្ទះប្រវែង 3 ម៉ែត្រ ហើយបច្ចុប្បន្នក្រុមជាង កំពុងដំណើរការសាងសង់ តាមផែនការដែលបានគ្រោងទុក ដើម្បីត្រៀមចាប់ឆ្នោតយកក្បាលដីនិងប្លង់ផ្ទះនៅពេលខាងមុខនេះ នៅក្នុងភូមិឋាននេះ សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតលោកក៏បានផ្ដល់ផ្លូវលំខ្វាត់ខ្វែងនៅក្នុងភូមិអតីតយុទ្ធជននេះមានប្រវែង 12 គីឡូម៉ែត្រផងដែរ ។

ក្នុងឳកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឆ្លៀត សំណេះសំណាលសាក សួរសុខទុក្ខ កងកម្លាំងចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានភារកិច្ចសហការការពារសន្តិសុខសុវត្ថិភាព ក្នុងដំណើរការគ្រប់គ្រងនិងការសាងសង់ផ្ទះសំបែងនិងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដីសម្បទានសង្គមកិច្ច បម្រើឱ្យជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ និងបានឧបត្ថម្ភស្បៀងអាហារ បរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 និងថវិកាមួយចំនួនដល់កងកម្លាំងផងដែរ ។ដោយ ប៊ុន រដ្ឋា